(ភ្នំពេញ)៖ ធនាគារហត្ថា ដែលជាធនាគារក្នុងមួយស្រុកមួយ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារបានត្រៀមថវិកាប្រមាណ៤០០លាន ដើម្បីបង្កើនការផ្តល់កម្ចីដល់អតិថិជនរបស់ខ្លួន ជាពិសេសម្ចាស់អាជីវកម្មនានា ដែលមានចង់បានដើមទុនយកទៅស្តារអាជីវកម្មរបស់ខ្លួន ឬយកទៅពង្រីកអាជីវកម្មបន្ថែម ក្នុងអត្រាការប្រាក់សមរម្យមួយ។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាបញ្ចប់នូវព្រឹត្តិការណ៍២០ កុម្ភៈ ធ្វើឱ្យម្ចាស់អាជីវកម្មច្រើនត្រូវការដើមទុន សម្រាប់ស្តារអាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងពង្រីកអាជីវកម្មរបស់ខ្លូន។ ហេតុនេះធនាគារហត្ថាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកម្ចីដល់ម្ចាស់អាជីវកម្មទាំងនោះ ដោយក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារគ្រោងបង្កើនផលបត្រឥណទានពី២០% ទៅ២៥%។

លោកបានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ជាការជូនព័ត៌មានទៅម្ចាស់អាជីវកម្មទាំងអស់ ធនាគារហត្ថាយើង រួចរាល់នៅក្នុងការជួយគាត់ នៅក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់គាត់។ ខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនទៅអតិថិជនទាំងអស់ ដែលត្រូវការទុនពង្រីក ឬមួយបង្កើតនូវមុខជំនួញរបស់គាត់សារជាថ្មី ដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគាត់បើកជំនួញឡើងវិញហើយ ដូច្នេះយើងត្រូវខិតខំទាំងគ្នា បើកនូវអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់ ការពារខ្លួន និងអតិថិជនរបស់គាត់»

លោកបានកត់សម្គាល់ថា វិបត្តិជំងឺកូវីត១៩ បានធ្វើឱ្យវិស័យសំខាន់ៗ ដែលទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានការធ្លាក់ចុះដូចវិស័យទេសចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ភោជនីយដ្ឋាន វិស័យវាយនភ័ណ្ឌ និងសេវាកម្មកម្សាន្តជាដើម។ ក្នុងពេលជាមួយគ្នាធនាគារហត្ថា ក៏រងផលប៉ះពាល់ផងដែរ តែយ៉ាងណាធនាគារហត្ថា បានផ្តល់នូវការអនុគ្រោះដល់អតិថិជន និងម្ចាស់អាជីវកម្មនានា ដូចរៀបចំឥណទានឡើងវិញ មិនតម្រូវឱ្យបង់ប្រាក់ដើម ចំពោះម្ចាស់អាជីវកម្មដែលមានជំងឺកូវីដ១៩។

សូមជម្រាបថា ក្នុងឆ្នាំ២០២១នេះ ធនាគារហត្ថាបានរៀបចំឥណទានឡើងដល់អតិថិន រួមមានម្ចាស់អាជីវកម្មនានាផងដែរ ចំនួនជាង៣ម៉ឺន៧ពាន់នាក់ និងផ្តល់ការអនុគ្រោះដល់អតិថិជន មិនឱ្យបង់ការប្រាក់ចំនួន២ខែ ចំពោះអតិថិជនដែលឆ្លងជំងឺកូវីដ១៩ ដែលមានចំនួនជាង៤០០នាក់។

ឥណទានដែលធនាគារហត្ថា បានផ្តល់ដល់អតិជនក្នុងឆ្នាំ២០២១នេះ បានកើនឡើងដល់១៦៥០លានដុល្លារ កើនឡើង២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ និងប្រាក់បញ្ញើសន្សំ កើនឡើងប្រមាណ៣០% ខណៈទ្រព្យសកម្ម ក្នុងឆ្នាំ២០២១ បានកើនឡើងដល់១៩២០លានដុល្លារ កើនឡើង២០% បើធៀបនឹងឆ្នាំមុន៕