(ប៉េកាំង)៖ ធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងរក្សាគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យមានភាពបត់បែននៅឆ្នាំក្រោយ ខណៈដែលប្រទេសមហាអំណាចមួយនេះព្យាយាមរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងការចំណាយលើហិរញ្ញប្បទានឱ្យមានកម្រិតកាន់តែទាបសម្រាប់អាជីវកម្ម ក្នុងគ្រាដែលមានព្យុះបោកបក់មកលើសេដ្ឋកិច្ចកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្នុងកិច្ចប្រជុំបញ្ចប់ការងារឆ្នាំចាស់ និងដាក់ចេញផែនការការងារសម្រាប់ឆ្នាំថ្មី ធនាគារកណ្តាលចិនក៏បានឱ្យដឹងផងដែរ ខ្លួននឹងចាត់វិធានការគ្រប់គ្រងក្រុមហ៊ុនមូលធន និងក្រុមហ៊ុនមូលនិធិឯកជននានា ហើយអនុវត្តជាបន្តបន្ទាប់នូវប្រព័ន្ធគ្រប់គ្រងសម្រាប់ការផ្តល់ហិរញ្ញវត្ថុលើអចលនទ្រព្យ។

វិបត្តិបំណុលដែលកើតមានចំពោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ បានប៉ះពាល់ដល់វិស័យអចលនទ្រព្យដែលមានសារៈសំខាន់ខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលចិនថា៖ «គោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នមួយ មានភាពបត់បែន សមហេតុផល និងសមស្រប»។

ធនាគារកណ្តាលចិនបានឱ្យដឹងទៀតថា ខ្លួននឹងប្រើប្រាស់ពហុឧបករណ៍គោលនយោបាយ ដើម្បីរក្សាសន្ទនីយភាពឱ្យបានច្រើន និងសមហេតុ និងធានាថា កំណើនការផ្គត់ផ្គង់រូបិយវត្ថុ និងការផ្តល់ហរញ្ញប្បទានសង្គមមានលក្ខណៈស្របតាមកំណើនផលិផលក្នុងស្រុកសរុបនាម (nominal GDP)។

ធនាគារកណ្តាលបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនថា៖ «ធនាគារកណ្តាលនឹងទូលរែកប្រកបដោយប្រសិទ្ធភាពនូវការទទួលខុសត្រូវលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដាក់ចេញគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុប្រកបដោយប្រតិសកម្ម ដែលលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច»។

ធនាគារកណ្តាលចិនបន្តថា ខ្លួនក៏មានបំណងបង្កើនការប្រែប្រួលតម្លៃរូបិយប័ណ្ណចិន ខណៈដែលរក្សាតម្លៃរូបិយប័ណ្ណនេះឱ្យមានស្ថិរភាពក្នុងកម្រិតសមហេតុផល និងមានតុល្យភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕