(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាងរងទោសទណ្ឌ និងផាកពិន័យ ដែលចាប់ផ្ដើមអនុវត្ដ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងឡាយ ដែលកំពុងរកទទួលទាន តាមប្រព័ន្ធ E-Commerce មកចុះបញ្ជី និងគោរពនូវបទប្បញ្ញត្ដិនានា ដែលយើងមានជាធរមាន»

លោក គង់ វិបុល បានលើកឡើងថា ជាធម្មតាការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដែលមានអាជីវកម្ម ហើយត្រូវមកចុះបញ្ជី និងប្រកាសបង់ពន្ធ។ ដូច្នេះ ដើម្បីជៀសវាងនូវការរងទោសទណ្ឌ និងការផាកពិន័យ សូមម្ចាស់អាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់បានចុះបញ្ជី សូមអញ្ជើញមកចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ ឲ្យបានទាន់ពេលវេលា។

លោក គង់ វិបុល សង្កេតឃើញថា កន្លងមានការធ្វើប្រតិបត្ដិការ តាមប្រព័ន្ធ E-Commerce មិនបានគោរពកាតព្វកិច្ចពន្ធដារបានត្រឹមត្រូវទេ ដោយក្នុងនោះ រួមមាន ក្រុមហ៊ុន Netflix, Facebook, Google និង Amazon ជាដើម -ល- ក៏មិនទាន់អនុវត្តតាមច្បាប់បទប្បញ្ញត្ដិរបស់ពន្ធដារបានល្អនោះដែរ គឺនៅមានចន្លោះខ្វះខាត។

លោកមើលឃើញថា ក្រុមហ៊ុនអន្ដរជាតិមួយចំនួន ជាពិសេសក្រុមហ៊ុន Netflix, Facebook, Google និង Amazon ជាដើម -ល- នឹងមកធ្វើការសន្ទនា អំពីកិច្ចចាប់ផ្ដើមជាមួយអគ្គនាយកដ្ឋានពន្ធដារ ស្ដីពីអំពីប្រតិបត្ដិការ ធ្វើពាណិជ្ជកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា៕