(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ទោះបីជាមានការរំខានពីការរីករាលដាល នៃជំងឺកូវីដ-១៩ ក្តី ក៏កម្ពុជានៅតែនាំចេញបានក្នុងអត្រាមួយគួរឲ្យកត់សម្គាល់ ដោយ ១១ខែឆ្នាំនេះការនាំចេញមានតម្លៃនាំចេញជាង ១.៥ម៉ឺនលានដុល្លារ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ាន សូរស័ក្ដិ អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏កម្ពុជានៅតែបន្តរក្សាកំណើន ក្នុងអត្រាមួយគួរ ឲ្យកត់សម្គាល់ ក្នុងនោះតម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ ១៧ ២១៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង១៦.៧% បើប្រៀបធៀបនឹងតម្លៃនាំចេញ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

លោកបានបន្ថែមទៀតថា ថ្វីត្បិតតែតម្លៃនាំចេញ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ មានចំនួន ១៥ ៧២៩ លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះចំនួន ០.១២% ធៀបនឹងតម្លៃនាំចេញ សម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក៏ដោយតែប៉ុន្តែបើតាមការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ២.៤%។

លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២ កំណើនដែលបានធ្វើការព្យាករណ៍ គឺមានរហូតដល់៤.៨% ក្នុងករណីការអនុវត្តគោលនយោបាយ បានល្អប្រសើរតាមការគ្រោងទុក។

លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ក៏បានបន្តការធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់រួមមាន៖

១៖ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
២៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ
៣៖ កិច្ចព្រមព្រៀងសេរីកម្ពុជា-កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញ នៃរដ្ឋសភារួចហើយ។ រដ្ឋសភាគ្រោងដាក់ក្នុងកិច្ចប្រជុំពេញអង្គ នៅចុងខែនេះ។
៤៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី
៥៖ ការចុះហត្ថលេខាទ្វេភាគីលើអនុស្សរណៈ ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនផ្សេងទៀត រួមជាមួយនឹងការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការកែលម្អការផ្តល់សេវាសាធារណៈ ការកសាងលិខិតបទដ្ឋាន ច្បាប់ពាណិជ្ជកម្ម ការលើកកម្ពស់សុខុមាលភាព ជូនប្រជាជន ការរក្សាបាន នូវសន្តិសុខស្បៀង ការកសាងសមត្ថភាពមន្ត្រីរាជការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានល្អជាដើម ។

លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ដែលនឹងផ្តល់ប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសជាសមាជិក ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកថា កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា។

ចំពោះពិធីសារផ្សេងទៀត ក៏នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក្នុងស្រុកបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន និងផ្តល់នីតិវិធីពិសេស សម្រាប់ដោះស្រាយវិវាទពាក់ព័ន្ធ នឹងប្រទេសអភិវឌ្ឍន៍តិចតួចរួមមានកម្ពុជាផងដែរ៕