(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយតាមអនឡាញ ស្តីពី «ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)» ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារជំនាញពាក់ព័ន្ធ ព្រមទាំងវត្តមានចូលរួមរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងអស់លោក លោកស្រី និងនាងកញ្ញា ជាអភិបាលឬតំណាងសហគ្រាសប្រមាណជាង ១០០០នាក់។

លោក គង់ វិបុល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ច្រើនកុះករ ក្នុងអង្គសិក្ខាសាលា ដែលសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការឈ្វេងយល់ អំពីកាតព្វកិច្ចអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវសេចក្តីណែនាំលេខ២០៥២២ អពដ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមខ្លឹមសារប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ព្រមទាំងមាត្រា ៧៥ នៃច្បាប់ស្ដីពីសារពើពន្ធ។ ការសិក្សាស្រាវជ្រាវ និងរៀបចំបទប្បញ្ញត្តិនេះ បានឆ្លងកាត់ការដកស្រង់បទពិសោធន៍ ពីស្ថាប័នអន្តរជាតិ ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសជិតខាង និងក្នុងតំបន់ផងដែរ ជាពិសេស បានសិក្សានិងពិនិត្យលើបរិបទផ្ទាល់របស់កម្ពុជា។

 

គួរបញ្ជាក់ផងដែរថា ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំ និងផ្តល់ធាតុចូលក្នុងការតាក់តែងនូវប្រកាសនេះ អគ្គនាយកដ្ឋានពន្ធដារបានជួបប្រជុំពិភាក្សា ពិគ្រោះយោបល់ និងស្វែងយល់អំពីកង្វល់នានារបស់វិស័យឯកជនផងដែរ ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មស្មើភាពគ្នា និងការប្រកួតប្រជែងស្មោះត្រង់ ជាពិសេស សម្រាប់អ្នករកទទួលទានមានប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងនៅក្នុងស្រុកនិងក្រៅស្រុកក្តី។

ក្នុងសិក្ខាសាលានេះ បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានធ្វើបទបង្ហាញពាក់ព័ន្ធការ អនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ព្រមទាំងបានឆ្លើយបកស្រាយនូវរាល់សំណួរពាក់ព័ន្ធជូនដល់ អ្នកជាប់ពន្ធយ៉ាងក្បោះក្បាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងអំពីលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធកើនឡើង និងបានឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ១១ខែ ឆ្នាំ២០២១ ហើយបានគូសបញ្ជាក់អំពីកត្តា ដែលជំរុញឱ្យសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនេះរួមមាន៖

* ការដឹកនាំប្រកបដោយគតិបណ្ឌិតឧត្តុង្គឧត្តម និងបញ្ញាញាណដ៏វៃឈ្លាស និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពធន់របស់សហគមន៍ ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញកាលពីខែវិច្ឆិកាថ្មីៗនេះ ព្រមទាំងក្រោមការដឹកនាំចង្អុល បង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ចេញនូវផែនការយ៉ាងមុតស្រួចរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

* ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេស ការរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩

* ការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការបន្ថែមនូវការផ្តល់សេវាដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិតអនុញ្ញាតនានា តាមប្រព័ន្ធអនឡាញ, ការប្រើប្រាស់ GDT Taxpayer App ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃ ដោយចំណេញពេលវេលា ងាយស្រួល និងចៀសផុតពីហានីភ័យនៃការឆ្លងជំងឺរាតត្បាតកូវីដ-១៩

* កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបានភាពងាយស្រួល និងចំណេញពេលវេលា ក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ទទួលបាននូវបច្ចុប្បន្នភាពនិងព័ត៌មានថ្មីៗអំពីពន្ធដារ តាមដានឯកសារ ព្រមទាំងទទួលសេវាអ្នកជាប់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ

* ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូ ដែលគិតមកដល់បច្ចុប្បន្នមាន ០៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃណីយកម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

* ការចុះអង្កេតសហគ្រាសតាមដងផ្លូវ បានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តការគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ហើយអគ្គនាយកដ្ឋានពន្ធដារបានពង្រឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា និងបន្តពង្រឹងការធ្វើបច្ចុប្បន្នភាពសហគ្រាស ស្របតាមខ្លឹមសារប្រកាសលេខ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ដែលបានផ្តល់លទ្ធភាពក្នុងការទប់ស្កាត់ការគេចវេះពន្ធគ្រប់រូបភាពបានទាន់ពេលវេលា និង

* ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានរហូតដល់ ១១៩ ៨១១ ករណី កើនឡើងប្រមាណជា ២៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

សារសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)៖

* ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ ការវិវឌ្ឍរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាពជាច្រើន ហើយផ្តល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មី និងផលិតភាពសេដ្ឋកិច្ច ហើយសកម្មភាពធុរៈកិច្ចបច្ចុប្បន្នបានផ្លាស់ប្តូរ ពីការប្រកបអាជីវកម្មបែបប្រពៃណីទៅជា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលសហគ្រាសអាជីវកម្ម អាចបង្កើតនូវវត្តមានទីផ្សាររបស់ខ្លួន នៅពាសពេញពិភពលោក ឬ ជំរុញទីផ្សារកំពុងមានស្រាប់ឱ្យកាន់តែរីកធំឡើងតាមរយៈការចែកចាយ, ការលក់, ការទិញ, ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការធ្វើសេវាកម្មនូវទំនិញឬសេវាតាមប្រព័ន្ធអេឡិចត្រូនិក

* ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានចែកចេញជាពីរប្រភេទ (១) Indirect ឬ Offline E-Commerce ដែល
អតិថិជនអាចបញ្ជាទិញតាមរយៈ Online ប៉ុន្តែទំនិញត្រូវបានបញ្ជូនតាមរយៈ Offline ចំពោះប្រភេទទំនិញរូបី (Tangible Goods) ឬទំនិញរូបវន្ត (Physical Goods) និង (២) Direct ឬ Online E-Commerce ដែលអតិថិជនអាចធ្វើការបញ្ជាទិញនិងបញ្ជូនតាមរយៈ Online ចំពោះប្រភេទទំនិញអរូបី (Intangible goods) ឬទំនិញឌីជីថល (Digital Goods)

* សកម្មភាពធុរកិច្ចតាមប្រព័ន្ធអនឡាញ និងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការរីកចម្រើនខ្លាំង ក៏ប៉ុន្តែចំណូលពន្ធពីវិស័យនេះនៅមានកម្រិតនៅឡើយ

* អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំលេខ២០៥២២ អពដ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចែងអំពីវិធាននិងនីតិវិធី អនុវត្តលម្អិត ដែលក្នុងនោះក៏បានកំណត់អំពី កាតព្វកិច្ចនិងកិច្ចដំណើរការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ និង កាតព្វកិច្ចប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម និងរបាយការណ៍

* ជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់ចូលរួមក្នុង បំពេញកាតព្វកិច្ចសារពើពន្ធ រួមទាំងបទប្បញ្ញត្តិថ្មី ពាក់ព័ន្ធនឹង «ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)»៕