(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់១០,៩៨០លានដុល្លារហើយ នៅរយៈពេល១០ ខែឆ្នាំ២០២១នេះ។ នេះបើតាមការប្រកាសព័ត៌មាន របស់ស្ថានទូតចិននៅកម្ពុជា តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី១៩ ខែធ្នូនេះ។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឈានដល់កម្រិត១ម៉ឺនលានដុល្លារនេះ គឺសម្រេចមុនផែនការ ដែលមេដឹកនាំនៃប្រទេសទាំង២ បានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែពេលនេះត្រឹមតែ១០ ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនេះ សម្រេចបានរហូតដល់ជាង១ម៉ឺនលានដុល្លារបាត់ទៅហើយ។
Facebook ផ្លូវការរបស់ស្ថានទូតចិនបានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិក នៅឆ្នាំ២០២៣»។
ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃ ជាដើម -ល-។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ដែលរំពឹងថានឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀត។
សូមជម្រាបថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ៕