(ភ្នំពេញ)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា គិតមកដល់ពេលនេះមានសណ្ឋាគារ និងផ្ទះសំណាក់ជិត៣ពាន់បន្ទប់ បានបើកដំណើរការឡើងវិញក្នុងខេត្តសៀមរាប។ ក្នុងនោះក៏មានភ្ញៀវទេសចរ បានធ្វើដំណើរកំសាន្ដ មកកាន់ខេត្តសៀមរាប ជាហូរហែរផងដែរ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា «បច្ចុប្បន្នសណ្ឋាគារបានបើកដំណើរការឡើងវិញមាន ចំនួន៣១សណ្ឋាគារ មានបន្ទប់ចំនួន១,៤៥១បន្ទប់ ស្មើនឹង១៣.៤៧ភាគរយ។ ចំណែកផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ មានចំនួន៧៥ផ្ទះសំណាក់ មានបន្ទប់ចំនួន១,៥១១បន្ទប់ ស្មើនឹង២៨.៧៣ភាគរយ និងបុគ្គលិកបំរើការងារចំនួន៤៤១នាក់»។

លោកបានបញ្ជាក់ថា មុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ សណ្ឋាគារក្នុងខេត្តសៀមរាប មានចំនួន២៣០ មាន១,៤៦១៨បន្ទប់ បុគ្គលិកបំរើការងារមានចំនួន១២៥៩២នាក់។ ចំណែកផ្ទះសំណាក់វិញមានចំនួន២៦១ផ្ទះសំណាក់ មានបន្ទប់៤៧៦០បន្ទប់ និងបុគ្គលិកបំរើការចំនួន១៩៨៥នាក់។

លោកបានបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ខេត្តសៀមរាបភ្ញៀវទេសចរ ចំនួនប្រមាណ ១៨១ ៧៣៨នាក់ ថយចុះ៨៣.០៣ភាគរយ។ ក្នុងនោះទេសចរបរទេស (ទេសចរផ្ទៃក្នុង) មានចំនួន ៧ ២៨៦ នាក់ ថយចុះ ៩៨.១៧ភាគរយ (រយៈពេលដូចគ្នាឆ្នាំ
២០២០ មានចំនួន ៣៩៨ ៤៨៥ នាក់)។ ទេសចរក្នុងស្រុកមានចំនួនប្រមាណ ១៧៤ ៤៥២ នាក់ ថយចុះប្រមាណ ៧៤.០៦ភាគរយ បើប្រៀបធៀប
រយៈពេលដូចគ្នាឆ្នាំ២០២០ ចំនួនប្រមាណ ៦៧២ ៧២២នាក់) ។

និយាយចំពោះវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងវិស័យបម្រើសេវាកម្មលើវិស័យទេសចរណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនមានបញ្ហាចោទណាមួយឡើង ដោយសារតែបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរ ដែលនឹងដំណើរកំសាន្ដមកកាន់ខេត្តសៀមរាបនេះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក បានថ្លែងឲ្យដឹងថា «សម្រាប់អ្នករកស៊ីលើវិស័យទេសចរណ៍ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ជាដើម គឺត្រៀមខ្លួនរួចរាល់ហើយ ដូច្នេះមិនមានបញ្ហាណាមួយចោទនោះទេ មានភ្ញៀវទេសចរមកយើងទទួលបានគ្រប់ផ្នែកទាំងអស់»

លោកបានបន្ដថា ទោះជាយ៉ាងនេះក្ដី នៅមានក្ដីបារម្ភមួយចំនួន ដោយសារតែបញ្ហានៃមេរោគថ្មី «អូមីក្រុង» បានជះឥទ្ធិលដល់ភ្ញៀវទេសចរខ្លាចរអាល ក្នុងការធ្វើដំណើរកំសាន្ដ។

លោកស្រី ខៃ ចន្ដា អនុប្រធានសមាគមសណ្ឋាគារ បានថ្លែងឲ្យដឹងថា ចំពោះសណ្ឋាគារបច្ចុប្បន្ននេះ បើកមិនទាន់ពេញលេញនោះទេ ប៉ុន្ដែអាចទទួលភ្ញៀវទេសចរបានគ្រប់គ្រាន់ ដូច្នេះមិនមានក្ដីបារម្ភណាមួយចោទនោះទេ ទោះបីបើកមិនពេញលេញក៏ដោយ។ បច្ចុប្បន្ននេះសណ្ឋាគារភាគច្រើន បានបើកផ្នែកធំៗសំខាន់ៗដូចជា បន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវ និងភោជនីយដ្ឋានជាដើម។

លោកស្រីបានបញ្ជាក់ថា «ចំពោះការមិនទាន់បើកពេញលេញនៃសណ្ឋាគារមួយចំនួននេះ ដោយសារតែ កង្វះថវិកាបង្វិល និងកង្វះភ្ញៀវទេសចរ ព្រោះការបើកពេញលេញនៃសណ្ឋាគារនីមួយៗ ត្រូវការចំណាយថវិកាច្រើន កាលណាចំណាយច្រើន ចាំបាច់ត្រូវតែមានភ្ញៀវទេសចរមកស្នាក់នៅ បើមិនដូច្នេះទេ គឺមិនមានថវិកា ក្នុងការទប់ទល់រាល់ការចំណាយនោះទេ។ ប៉ុន្ដែមិនយូរមិនឆាប់នោះទេ សណ្ឋាគារនឹងបើកពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាពុំខាន»

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា លើកលែងការធ្វើចត្តាឡីស័ក មានអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជារបណ្តើរៗ ហើយក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ ស្នើសុំហោះហើរឡើងវិញ និងបង្កើនជើងហោះហើរនៅកម្ពុជា ចាប់ពីខែធ្នូតទៅ៕