(ភ្នំពេញ)៖ ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារABA) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចវិនិយោគ៣០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ (ការបោះផ្សាយជាលក្ខណះបុគ្គល)។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន២៨% ត្រូវនឹងទឹកប្រាក់សរុប ៣៧៥ លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC ។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕