(ភ្នំពេញ)៖ វិស័យកសិកម្ម ជាវិស័យដ៏សំខាន់ និងចម្បងសម្រាប់ថែរក្សាសន្តិសុខស្បៀង ក៏ដូចជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងអំឡុងជួបប្រទះនូវវិបត្តិកូវីដ១៩ រយៈពេលឆ្នាំ២មកនេះ វិស័យជាច្រើនដូចជាវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យសំណង់បានរងផលប៉ះពាល់ ប៉ុន្តែវិស័យកសិកម្មវិញ មានការរីកចម្រើន។

ដើម្បីជួយជំរុញដល់ការរីកចម្រើន របស់វិស័យកសិកម្ម ពិតជាមិនអាចខ្វះបានឡើងពីការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានចូលរួមយ៉ាងសកម្ម ជាមួយនឹងវិស័យកសិកម្ម ជាស្តែងគិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យកសិកម្មប្រមាណ១៧ទ្រីលានរៀល ស្មើនឹងប្រមាណ៤.២ពាន់លានដុល្លារអាមេរិក។

បើទោះការទទួលបានឥណទានវិស័យកសិកម្ម ពីស្ថាប័នហិរញ្ញវត្ថុ មានការកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែគេមើលឃើញថា នៅតែមានបញ្ហាប្រឈមដូចជា ការខ្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ និតិវិធីស្មុគស្មាញ ការទទួលបានកម្ចី និងទំហំនៅមានកម្រិត តម្រូវការរបាយការណ៍ និងផែនការដាំដុះ ខណៈពលរដ្ឋខ្លះនៅមិនទាន់ស្វែងរកឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុស្របនៅឡើយ ពួកគាត់នៅតែប្រើប្រាស់ការយកជី ថ្នាំកសិកម្ម របស់អ្នកលក់ដូរមុន ពេលបានទទួលលក់បានលុយ ទើបសងជាក្រោយ។

ដើម្បីជាការចូលរួមក្នុងការជំរុញឲ្យកសិករចេះប្រើប្រាស់ឥណទាន ដែលជាដើមទុនសម្រាប់អភិវឌ្ឍន៍កសិកម្ម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់នូវដំបូន្មានសំខាន់ៗចំនួន៣។

លោក រុំ រដ្ឋា នាយកពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានលើកឡើងថា «ដើម្បីឲ្យបានទុនដែលមានថ្លៃដើមទាប មានរឿងពិត៣សំខាន់ គឺទី១ កសិករត្រូវមានផែនការដាំដុះច្បាស់លាស់, ទី២៖ មានការកត់ត្រានូវចំណូលចំណាយ ឲ្យបានត្រឹមត្រូវ និងទី៣៖ ព្យាយាមកសាងកេរ្តិ៍ឈ្មោះ ក្នុងការសងឥណទាន។ ប្រសិនបើមានប្រវត្តិឥណទានល្អ មានឯកសារកត់ត្រាច្បាស់លាស់ និងមានផែនការអាជីវកម្មច្បាស់លាស់ ប្រាកដណាស់លក្ខខណ្ឌឥណទាន និងតម្លៃឥណទាន គឺធូរជាងអ្នកអត់មានផែនការច្បាស់លាស់»

លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មានសមាជិកជាសហគមន៍កសិកម្ម១២០០សហគមន៍ ស្មើនឹងកសិករជាង១០ម៉ឺនគ្រួសារ បានលើកឡើងថា ការទទួលបានឥណទាន របស់ប្រជាកសិករ នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយសារតែប្រជាកសិករ និងសហគមន៍កសិកម្ម មានចំណេះដឹងផ្នែកវិស័យហិរញ្ញវត្ថុ និងធនាគារ នៅមានកម្រិត ដូច្នេះធ្វើឲ្យពួកគាត់មិនបានត្រៀមខ្លួន ក្នុងការទទួលយកសេវាឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកក៏បានសំណូមពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ សូមជួយរិះរកគ្រប់មធ្យោបាយ ដើម្បីជួយដល់កសិករឲ្យទទួលបានទុន ដែលមានថ្លៃដើមទាប ព្រោះថា កសិកម្មជាមុខរបបមួយដែលកសិករធ្វើរហូតទោះខាត ឬចំណេះក៏នៅតែធ្វើ មិនបោះបង់នោះទេ សូមទុកចិត្តចំពោះកសិករ៕