(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា រដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអាចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ច «ដ៏មានឥទ្ធិពលខ្លាំង» មួយជាមួយប្រទេសអាស៊ីនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងផ្តោតសំខាន់លើវិស័យមួយចំនួនរួមទាំងការសម្របសម្រួលចង្វាក់ផ្គត់ផ្គង់ ការគ្រប់គ្រងការនាំចេញ និងស្ដង់ដារសម្រាប់បញ្ញាសិប្បនិម្មិត (IA) ផងដែរ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលនៅថ្ងៃព្រហស្បតិ៍នៅការិយាល័យទីភ្នាក់ងារព័ត៌មាន Bloomberg នៅទីក្រុងញូវយ៉ក លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងថា៖ «វាគឺជាអាទិភាពសម្រាប់លោកប្រធានាធិបតី»

ដោយលើកឡើងពីការការចូលរួមពាក់ព័ន្ធកាន់តែខ្លាំងរបស់អាមេរិកជាមួយអាស៊ី លោកស្រីថ្លែងថា៖ «អាមេរិកមិនបានបង្ហាញខ្លួននៅក្នុងតំបន់អាស៊ីអស់រយៈពេល ៤ឆ្នាំហើយ»

លោកស្រី Raimondo បានថ្លែងទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទ្វីបអាស៊ីកាលពីខែមុនត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃលើតម្រូវការកិច្ចសន្ទនាសេដ្ឋកិច្ច ដែលមិនស្ថិតក្រោមលក្ខខណ្ឌដែលក្រុមការងាររបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំផែនការសម្រាប់ការពិភាក្សាពាណិជ្ជកម្មបែបប្រពៃណីទេ។ លោកស្រីបានកត់សម្គាល់ថា ការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មិនស្ថិតនៅលើតុចរចាឡើយ។

លោកស្រីរដ្ឋមន្ត្រីដែលបានធ្វើដំណើរទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុនកាលពីខែមុន បានបន្ថែមថា៖ «តម្រូវការសម្រាប់វត្តមានអាមេរិក និងតម្រូវការសម្រាប់ការចូលរួមឡើងវិញរបស់អាមេរិក ជាអាទិភាពខ្ពស់»

លោកស្រីថ្លែងទៀតថា អ្វីដែលជាចក្ខុវិស័យរបស់រដ្ឋាភិបាលអាមេរិកគឺជា «ក្របខ័ណ្ឌសេដ្ឋកិច្ចប្រភេទថ្មីមួយសម្រាប់សេដ្ឋកិច្ចថ្មីមួយ» ហើយក្តីសង្ឃឹម «នឹងកើតមាននៅដើមឆ្នាំថ្មី ត្រីមាសទី១ ឆ្នាំក្រោយ ចាប់ផ្តើមដំណើរការជាផ្លូវការ»

លោកស្រី Raimondo បានថ្លែងទៀតថា ក្របខ័ណ្ឌសេដ្ឋកិច្ចនេះនឹងមានភាពបត់បែន ដោយប្រទេសមួយចំនួនប្រហែលជាមិនចាំបាច់ចូលរួមក្នុងគ្រប់សមាសធាតុទាំងអស់នៃក្របខ័ណ្ឌនេះឡើយ ហើយគោលបំណងរបស់ក្របខ័ណ្ឌនេះមិនត្រឹមតែដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុន អូស្រ្តាលី សិង្ហបុរី និងនូវែលសេឡង់ប៉ុណ្ណោះទេ តែថែមទាំងរួមបញ្ចូលទាំងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាម៉ាឡេស៊ី វៀតណាម និងថៃផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕