(ហ្សិនចិន)៖ ក្រុមហ៊ុនអចលនទ្រព្យចិន China Evergrande Group បានក្លាយជាក្រុមហ៊ុនដែលបរាជ័យសងបំណុល (defaulter) ជាផ្លូវការជាលើកដំបូងនៅក្នុងវិបត្តិហិរញ្ញវត្ថុយូរខែរបស់ខ្លួន ដែលទំនងជានឹងបញ្ចប់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញដ៏ធំមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ Fitch Ratings បានទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនជាងគេនៅក្នុងពិភពលោកមួយនេះដល់កម្រិត «restricted default» ពោលគឺលើចំណាត់ថ្នាក់ «បរាជ័យ (default)» មួយថ្នាក់ ដោយសារក្រុមហ៊ុននេះមិនអាចសងការប្រាក់សម្រាប់បំណុលចំនួនពីរនៅពេលចប់រយៈពេលអនុគ្រោះកាលពីថ្ងៃចន្ទ។ នេះជាការវិវត្តមួយដែលអាចបង្កឱ្យមានការបរាជ័យសងបំណុលទាំងស្រុងសម្រាប់បំណុលជាប្រាក់ដុល្លារដែលមានចំនួន ១៩,២ប៊ីលានដុល្លាររបស់ក្រុមហ៊ុននេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការទម្លាក់ចំណាត់ថ្នាក់បំណុលនេះកើតមានឡើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Fitch បានទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ក្រុមហ៊ុន Kaisa Group Holdings Ltd ទៅកាន់កម្រិតដូចគ្នា ដោយសារការខកខានសងបំណុលចំនួន ៤០០លានដុល្លារដែលដល់កាលបរិច្ឆេទត្រូវសងនៅថ្ងៃអង្គារ។ បើបូកក្រុមហ៊ុនទាំងពីរនេះបញ្ចូលគ្នា ក្រុមហ៊ុនទាំងពីរជាប់បំណុលប្រហែល ១៥ភាគរយនៃមូលបត្របំណុលជាប្រាក់ដុល្លារដែលកំពុងដំណើរការ ដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន។

ក្រុមហ៊ុន Evergrande បានក្លាយជាក្រុមហ៊ុនរងគ្រោះធំបំផុតមួយពីយុទ្ធនាការរបស់លោកប្រធានធិបតីចិន Xi Jinping ក្នុងការបង្អាក់ក្រុមហ៊ុនធំៗដែលប្រើប្រាស់បំណុលច្រើនជ្រុលក្នុងការប្រតិបត្តិការអាជីវកម្ម និងទីផ្សារអចលនទ្រព្យដែលឡើងកម្ដៅជ្រុល។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថ្មីៗនេះ ក្រុមហ៊ុនចិនដែលជាប់បំណុលបានបរាជ័យសងបំណុលនៅបរទេសចំនួន ១០,២ប៊ីលានដុល្លារនៅឆ្នាំ២០២១ ដោយក្នុងនោះ ក្រុមហ៊ុនអចលនទ្រព្យមាន ៣៦ភាគរយនៃបំណុលសរុប។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍នៅសប្តាហ៍នេះថា ក្រុមហ៊ុន Evergrande ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់បំណុលនៅបរទេសទាំងអស់របស់ខ្លួន ខណៈក្រុមហ៊ុនបានបង្កើតគណៈកម្មការវាយតម្លៃហានិភ័យមួយ។ គណៈកម្មការវាយតម្លៃហានិភ័យនេះមានសមាជិកខ្លាំង ៧នាក់ តែនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់តែ ២នាក់ប៉ុណ្ណោះមកពីក្រុមហ៊ុន Evergrande។ សមាជិកផ្សេងទៀតមកពីស្ថាប័នរដ្ឋនានា ដែលបង្កឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលអាចចូលរួមពាក់ព័ន្ធនឹងការគ្រប់គ្រងគំនរបំណុល ៣០០ប៊ីលានដុល្លាររបស់ក្រុមហ៊ុននេះ៕