(បាងកក)៖ ក្រុមប្រឹក្សាទេសចរណ៍ថៃបានឱ្យដឹងថា ការបើកដំណើរការប្រទេសថៃឡើងវិញ ចាំបាច់ត្រូវតែបន្តធ្វើឡើងដដែល ជាមួយនឹងវិធីសាស្រ្តដោយប្រុងប្រយ័ត្ន ក្នុងគ្រាដែលកើតមានក្តីបារម្ភជុំវិញវីរុសប្រភេទថ្មីអូមីក្រុង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) ខណៈថ្លែងថា បន្ទាប់ពីរកឃើញករណីវីរុសអូមីក្រុងដំបូងក្នុងប្រទេសថៃ សហគមន៍ក្នុងស្រុកមិនគួរភ័យខ្លាចឡើយ ប៉ុន្តែជំនួសមកវិញត្រូវអនុវត្តតាមដំបូន្មានរបស់អ្នកជំនាញសុខាភិបាល ដូចជាអង្គការសុខភាពពិភពលោក និងក្រសួងសុខាភាពសាធារណៈថៃជាដើម។

លោក Chamnan បានថ្លែងថា ការរកឃើញវីរុសប្រភេទថ្មីនេះ មានន័យថា វិធានការពិនិត្យស្វែងរកវីរុសនៅតែមានប្រសិទ្ធភាព ហើយការបើកប្រទេសឡើងវិញគួរត្រូវបានអនុញ្ញាតបន្តធ្វើឡើង ខណៈដែលការចាក់វាក់សាំងក្នុងប្រទេសថៃកើឡើង ស្របពេលដែលករណីរកឃើញថ្មីបន្តធ្លាក់ចុះ។

TCT ក៏យល់ស្របទៅនឹងសេចក្តីសម្រេចក្នុងការពន្យាពេលប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរកវីរុសអូមីក្រុងនៅពេលអ្នកធ្វើដំណើរមកដល់ផងដែរ រហូតទាល់តែប្រទេសថៃមានព័ត៌មានលម្អិតអំពីវីរុសថ្មីនេះ។

លោក Chamnan មានប្រសាសន៍ថា៖ «ប្រតិបត្តិករទេសចរណ៍ហៀបនឹងដំណើរឡើងវិញហើយបន្ទាប់ពីរង់ចាំអស់រយៈពេលជិត ២ឆ្នាំក្នុងអំឡុងពេលវិបត្តិ ខណៈដែលយើងមើលឃើញសញ្ញានៃការស្ទុះងើបឡើងវិញសន្សឹមៗផងដែរ»

លោកបន្តថា៖ «វីរុសអូមីក្រុងពិតជាបង្កើនក្តីបារម្ភមែន ប៉ុន្តែឧស្សាហកម្មដែលរងគ្រោះរបស់យើងនឹងមិនអាចទប់ទល់បានតទៅទៀតទេទៅនឹងការផ្លាស់ប្តូរណាមួយអំពីការបើកប្រទេសឡើងវិញ»

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍ ១៣.២៩៤នាក់ចាប់ពីថ្ងៃទី១ វិច្ឆិកាដល់ថ្ងៃទី៦ ខែធ្នូ ដែលក្នុងនោះ ១៥.៦១៤នាក់មកពីប្រទេសអាល្លឺម៉ង់ បន្ទាប់មកគឺមកពីអាមេរិក (១០.៩១៧នាក់) និងចក្រភពអង់គ្លេស (១០.៨០២នាក់)៕