(វ៉ាស៊ីនតោន)៖ និយ័តករទីផ្សារអាមេរិកបានប្រកាសពីការអនុម័តច្បាប់មួយដែលអាចផ្តល់អំណាចដល់និយ័តករទាំងនេះលុបឈ្មោះក្រុមហ៊ុនបរទេសចេញពីផ្សារហ៊ុនអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះខកខានផ្តល់ព័ត៌មានដល់សវនករ ដោយមានបំណងផ្តោតជាចម្បងលើក្រុមហ៊ុនចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ច្បាប់ថ្មីនេះតម្រូវឱ្យក្រុមហ៊ុននានាបង្ហាញព័ត៌មានថាតើក្រុមហ៊ុនទាំងនោះត្រូវបានកាន់កាប់ ឬគ្រប់គ្រងដោយរដ្ឋាភិបាលឬអត់។

កាលពីឆ្នាំមុន សភាអាមេរិកបានអនុម័តច្បាប់មួយ ដែលផ្តោតទិសដៅជាពិសេសលើក្រុមហ៊ុនចិន ដែលស្ថិតក្រោមច្បាប់នេះ ក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនចុះបញ្ជី (PCAOB) មានអំណាចធ្វើអធិការកិច្ចលើសវនកម្មលើក្រុមហ៊ុនបរទេស ដែលចុះបញ្ជីនៅផ្សារហ៊ុនអាមេរិក។

ច្បាប់ថ្មីនេះក៏តម្រូវឱ្យក្រុមហ៊ុននានាប្រាប់ឈ្មោះសមាជិកបក្សកុម្មុយនីស្តចិនណាម្នាក់ដែលជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងនោះផងដែរ។

ទីក្រុងប៉េកាំងបានបដិសេធអនុញ្ញាតឱ្យ PCAOB ធ្វើអធិការកិច្ចលើសវនកម្មលើក្រុមហ៊ុនដែលចុះបញ្ជីនៅប្រទេសចិន និងទីក្រុងហុងកុង។

លោក Gary Gensler ប្រធានគណៈកម្មការ SEC បានឱ្យដឹងក្នុងសេចក្តីថ្លែការណ៍មួយថា៖ «យើងមានការចរចាជាមូលដ្ឋាននៅក្នុងរបបមូលបត្ររបស់យើង។ ប្រសិនបើអ្នកចង់បោះ ផ្សាយមូលបត្រលក់ជាសាធារណៈនៅអាមេរិក ក្រុមហ៊ុនដែលធ្វើសវនកម្មបញ្ជីគណនេយ្យរបស់អ្នកត្រូវតែជាកម្មវត្ថុចំពោះការធ្វើអធិការកិច្ចដោយ PCAOB»។

លោកថ្លែងទៀងថា៖ «SEC និង PCAOB នឹងបន្តធ្វើការងាររួមគ្នាដើម្បីធានាថា សវនកររបស់ក្រុមហ៊ុនបរទេសដែលមានសិទ្ធិចូលក្នុងផ្សារមូលធនអាមេរិក អនុលោមតាមច្បាប់របស់យើង។ យើងសង្ឃឹមថា រដ្ឋាភិបាលបរទេសនឹងចាត់វិធានការដើម្បីធ្វើឱ្យកិច្ចការនេះដំណើរការទៅមុខបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕