(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ បានជំរុញឲ្យគ្រប់ម្ចាស់សហគ្រិនជាស្ត្រីទាំងអស់ មានសិទ្ធិស្មើបុរស ហ៊ានលើកបញ្ហាប្រឈមដែលខ្លួនមាន ចឹងសូមឲ្យស្ត្រីក្លាហាន ឡើង ដើម្បីមានសិទ្ធិក្នុងការងាររកស៊ីទេ អាចចូលប្រឡូកក្នុងការងាររាជរដ្ឋាភិបាល យើងក៏ចង់លើកតម្តើងឲ្យស្ត្រី ចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ ព្រោះស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម ដើម្បីមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គម យ៉ាងស្រាក់សស្រាំ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបន្ដថា យើងជំរុញឲ្យស្ត្រី ត្រូវចេះលើកបញ្ហាប្រឈម នៅក្នុងវទិកាសាធារណៈ យើងបង្ហាត់បង្ហាញឲ្យស្ត្រីមានភាពក្លាហាន ហ៊ានធ្វើ ហ៊ានសម្រេចចិត្ត ដើម្បីឲ្យគាត់ បាននាំយកបទពិសោធន៍បង្រៀនដល់ស្ត្រី នៅតាមបណ្តាខេត្ត រាជធានី ចេះដោះស្រាយបញ្ហា ចំពោះប្រឈម សំដៅពង្រឹងភាព ក្លាហានក្នុងការបញ្ចេញមតិយោបល់ តាមបែបវិទ្យាសាស្ត្រ ការអភិវឌ្ឍន៍ បច្ចេកវិទ្យា និងសម្ថភាពនវានុវត្តន៍ ស្របតាមបដិវត្ត ឧស្សាហកម្មជំនាន់។

លោកឧកញ៉ា តែ តាំងប៉ លើកបង្ហាញ និងផ្តល់មតិ ដល់សិក្ខាកាមបែបនេះ នៅក្នុងពេលប្រគល់ពានរង្វាន់ជ័យលាភី ដល់សហគ្រិនស្ត្រីក្លាហាន ក្នុងកម្មវិធីប្រកួតប្រជែង ស្តីក្លាហាន ក្នុងការបញ្ចេញមតិជាសាធារណ: និងកម្មវិធីប្រកាសសហគ្រាស ១០រូប ដែលត្រូវចូលរួម វគ្គបណ្តុះបណ្តាល (ស៥) និងមានការប្រកាសលទ្ធផល ប្រគល់ពានរង្វាន់ សម្រាប់អ្នកឈ្នះកម្មវិធីប្រកួតប្រជែងស្ត្រីក្លាហាន ចំនួន៤រូប និងវិញ្ញាបនបត្រ 5S ចំនួន១០រូប នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វ៉េ។

ក្នុងសិក្ខាសាលាពេញមួយថ្ងៃនេះ ក៏មានការចូលរួមពីលោកស្រី សាប៊ីន ជូក (Sabine Joukes) នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងលោក អ៊ុ ម៉េងថៃ ទីប្រឹក្សាជាន់ខ្ពស់ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។

លោកឧកញ៉ា តែ តាំងប៉ ជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធាន ក្រុមការងារទី៣ ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម បានសំដែងនូវសេចក្តីសោមនស្សរំភើបរីករាយក្រៃលែងដែល បានចូលរួម កម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីដល់សហគ្រិនស្រ្តីក្លាហាន ក្នុងកម្មវិធីប្រកួតប្រជែងស្តី ក្លាហានក្នុងការបញ្ចេញមតិជាសាធារណ: និងកម្មវិធីប្រកាសសហគ្រាស ១០រូប ដែលត្រូវចូលរួម វគ្គបណ្តុះបណ្តាល (ស៥)។

លោកឧកញ៉ា លើកឡើងថា កម្មវិធីនៅក្នុងថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់គម្រោង ដែលត្រូវអនុវត្តន៍ ដោយសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមការគាំទ្ររបស់ USAID និង អង្គការផេកកម្ពុជា ក្រោមគម្រោង សហគ្រិននារីសកម្ម (WE Act) រយៈពេលរបស់គម្រោង គឺមានរយៈពេល ១ឆ្នាំ និងត្រូវអនុវត្តនៅក្នុងរាជធានីខេត្ត គោលដៅចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប និង ខេត្តកំពត។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងសហគ្រិនស្រ្តីក្លាហាន បានចាប់ផ្ដើមជ្រើសរើសសហគ្រិនស្ត្រី ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ ដែលសរុបមកដល់ពេលនេះ មានរយៈពេល៣ខែហើយ។

ក្នុងកម្មវិធីប្រកួតប្រជែងនេះ មានសហគ្រិនស្ត្រី ចំនួន២៨រូប ដាក់ពាក្យចូលរួម និងមានការប្រកួតវិញ្ញាសារចំនួន៣ ដែលធ្វើឡើង ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាចុងក្រោយ FASMEC ក៏ជ្រើសរើសបានសហគ្រិនស្រ្តីក្លាហាន ចំនួន៤រូប ដែលនិងត្រូវទទួលពានរង្វាន់ជ័យលាភី លេខ១ លេខ ២ លេខ៣ និងលេខ៤ ដែលរួមមានពានកិត្តិយស និង លិខិតសរសើរ ដែលនិងត្រូវប្រគល់ជូននៅក្នុងថ្ងៃនេះ។

ការជ្រើសរើសសហគ្រិនស្រ្តីក្លាហាន ដែល FASMEC បានសហការជាមួយនិងគម្រោងសហគ្រិននារីសកម្មរបស់អង្គការ ផេកកម្ពុជា -សបញ្ជាក់ឲ្យឃើញថា គឺជាការជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់សហគ្រិនស្ត្រីទាំងអស់ ក្នុងការចូលរួមចែក រំលែកចំណេះដឹង បទពិសោធ និងការអនុវត្តន៍ជាក់ស្តែង ដល់សហគ្រិនស្ត្រផ្សេងៗទៀត។

ជាពិសេសឧកញ៉ា តែ តាំងប៉ ក៏សូមថ្លែងអំណអរគុណ ដល់គណៈកម្មការទាំង៣រូប ដែលបានចំណាយពេលវេលា និងគំនិតល្អៗ ដើម្បីផ្តល់ជាអនុសាសន៍ និងដាក់ពិន្ទុដ៏សុក្រិតជូនដល់បេក្ខភាព ដែលបានចូលរួមប្រកួតតាំងដំបូងរហូត ដល់វគ្គបញ្ចប់។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា បន្ទាប់ពីកម្មវិធីជ្រើសរើសសហគ្រិនស្រ្តីក្លាហាននេះទៅ FASMEC នឹងមានកម្មវិធីមួយទៀត គឺវគ្គបណ្តុះបណ្តាល (ស៥) និងត្រូវប្រកាសសហគ្រាស ចំនួន ១០រូប ដែលបានជ្រើសរើសចេញពីសហគ្រាសចំនួន២០ ដែលបានដាក់ពាក្យមករៀនវគ្គបណ្តុះបណ្តាល (ស៥) នេះ កម្មវិធីបណ្តុះបណ្តាលនេះ គឺបានទទួលការឧបត្ថម្ភគាំទ្រពីគម្រោងសហគ្រិននារីសកម្ម របស់អង្គការ ផេកកម្ពុជា និង FASMEC ។

លោកឧកញ៉ា បន្តថា សកម្មភាពសិក្ខាសាលានៅក្នុងថ្ងៃនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានរៀបចំសិក្ខាសាលាទូទាំង២៥រាជធានីខេត្តក្រុង និងកម្មវិធីពន្លឿនការអភិវឌ្ឍន៍ អាជីកម្មនៅកម្ពុជា ឲ្យមានវិសាលភាពធំទូលំទូលាយ ដោយមានការសហការរួមគ្នារវាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវីល និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក និងសហគ្រិនស្ត្រី។

នាឱកាសនោះដែរ លោកឧកញ៉ា តែ តាំងប៉ ក៏មានផ្តល់លិខិតសរសើរ ពានរង្វាន់ដល់ម្ចាស់សហគ្រាស ក្នុងការផលិត និងកែច្នៃ ផលិតផលរបស់ខ្លួន ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គុណភាព សុវត្ថិភាព និងទំនុកចិត្ត ដោយផ្សារភ្ជាប់ទៅនឹងគោលគំនិត គ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយ នៅក្នុងខ្សែសង្វាក់ផលិតកម្មផងដែរ៕