(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការរបស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន និងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេស ដែលមានអ្នកចូលរួមចំនួនប្រមាណ៣០០នាក់។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ និងត្រូវបានពូនជ្រុំដោយ ព្រះករុណា ព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិននាសម័យនោះ និងត្រូវបានលើកកម្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់រហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០១០។

ទំនាក់ទំនងការទូតដ៏ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងវិនិយោគិនចិនដែល បានចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ជាក់ស្តែង តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩២-២០២០ សាធារណរដ្ឋប្រជាមានិតចិន បានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជាសរុប
ប្រមាណ ៤,៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគចិនបានបណ្តាក់ទុនសរុបប្រមាណជាង២៧ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។

លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជា
ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បានយ៉ាងឆាប់រហ័ស។

ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាម យកកាលានុវត្តភាពជាអតិបរមា ពីនិម្មាបនកម្ម (ការបង្កើតថ្មី) សេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្ម សេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោកបានបន្ថែមទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ក្នុងន័យនេះ លោកមានសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ វិនិយោគិនចិនបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកបានអញ្ជើញវិនិយោគិនចិន ដែលនៅក្រៅប្រទេសមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ស្របពេលដែលកម្ពុជាបានលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងនូវអំណរសាទរ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានតាក់តែងច្បាប់ ស្តីពីវិនិយោគនេះឡើង។

លោកបានលើកឡើងថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ-១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ថ្នាក់ដឹកនាំ និងការខិតខំរបស់ប្រជាជន នៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឈាន ដល់កម្រិតល្អបំផុតជាប្រវត្តិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។

លោកសង្ឃឹមថា ជាមួយនឹងការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕