(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា នៅពេលផុតឱសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនឹងធ្វើការបង្ក្រាបយ៉ាងសកម្ម និងម៉ឺងម៉ាត់ជាងមុន ចំពោះរថយន្តដែលគ្មានពន្ធទាំងអស់នៅកម្ពុជា

ដើម្បីទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងស្តាំបន្តទៀត កុំឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សាររថយន្តក្នុងស្រុក។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ប្រសិនបើដល់ថ្ងៃឱសានវាទ នៅពេលដែលសមត្ថកិច្ចបង្រ្កាបបាន នឹងតម្រូវឱ្យម្ចាស់រថយន្តទាំងនោះបង់ទាំងពន្ធ និងអាករព្រមទាំងប្រាក់ពិន័យធ្ងន់ធ្ងរ ចំណែករថយន្តចង្កូតស្តាំវិញ និងត្រូវកំទេចចោលព្រមទាំងរងពិន័យថែមទៀតផងដែរ។

លោកបញ្ជាក់ទៀតថា «បើសិននៅអលអែករារែក ហើយនៅរឹងទទឹង មិនព្រមចូលមកបង់ពន្ធ និងអាករ តាមគោលការណ៍សម្រេចរាជរដ្ឋាភិបាល ស្ថាប័នប្រតិបត្តិនេះ គឺអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើសកម្មភាពបង្រ្កាបយ៉ាងសកម្មជាងមុន ហើយម៉ឺងម៉ាត់ជាងមុន បានន័យថា បន្ទុកក្នុងការពិន័យក៏ប្រហែលជាត្រូវដាក់ឱ្យធ្ងន់ ព្រោះអ្នកដែលរឹងទទឹងបើកឱកាសឱ្យហើយ ប្រហែលជាអ្នកនោះពិបាកធ្វើការជាមួយ អីចឹងយើងមានតែអនុវត្តច្បាប់។ វាប៉ះពាល់ទៅដល់ការប្រកួតប្រជែង ប៉ះពាល់ទៅដល់ទីផ្សាររថយន្ត ដែលអ្នកផ្សេងគេនាំចូលមកបំពេញកាតព្វកិច្ចពន្ធអាករចូលថវិកាជាតិ។ យើងអង្គភាពជំនាញក្នុងការជំរុញការអនុវត្តច្បាប់ គឺត្រូវតែជំរុញធានាធ្វើម៉េចឱ្យការប្រកួតប្រជែង ជាពិសេសមុខទំនិញរថយន្តក្នុងទីផ្សារកម្ពុជា ឱ្យមានសមតុល្យ»

លោកបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលធ្លាប់បានដាក់វិធានការម្តងរួចហើយកាលពីឆ្នាំ២០១៦ ប៉ុន្តែនៅតែមានជនខិលខូចបន្លំលួចនាំចូលរថយន្តគ្មានពន្ធមកចរាចរណ៍ ក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សាររថយន្ត និងបាត់ថវិកាជាតិ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា បើទោះបីជារថយន្តចង្កូតឆ្វេងគ្មានពន្ធ លួចនាំចូលមកកម្ពុជាមានចំនួនតិចតួចក៏ដោយ ប៉ុន្តែប្រសិនបើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លុបបំបាត់បាននោះ គឺជាការល្អ ដើម្បីឱ្យមានតម្លាភាព ចំពោះអ្នកធ្វើអាជីវកម្មនាំចូលរថយន្តបង់ពន្ធដោយស្របច្បាប់។ ទន្ទឹមគ្នានេះ នៅកម្ពុជាច្បាប់កំណត់ប្រើប្រាស់រថយន្តចង្កូតឆ្វេង ហេតុនេះ មិនគួរមានរថយន្តចង្កូតស្តាំចរាចរណ៍ នៅកម្ពុជានោះឡើយ ដែលអាចងាយបង្កជាគ្រោះថ្នាក់ចរាចរណ៍បាន ។

លោកបន្តថា «ការដែលបិទនាំចូលរថយន្តអត់ពន្ធនឹងបាន វាជាការល្អហើយ ព្រោះថាអ្នករកស៊ីយើងបង់ពន្ធត្រឹមត្រូវ ហើយយើងចង់ឱ្យអ្នកនាំចូលដទៃត្រូវបង់ទាំងអស់គ្នាទៅ ដើម្បីឱ្យវាមានតម្លៃភាព នេះគឺជាអ្វីដែលយើងចង់បាន»។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដី មានប្រមាណជិតមួយម៉ឺនគ្រឿង ខណៈរហូតមកបច្ចុប្បន្ននេះ មានប្រមាណតែជាង១ពាន់៦រយគ្រឿងប៉ុណ្ណោះបានចូលមកបង់ពន្ធ និងតំកល់ប្រាក់កក់៕