(បាងកក)៖ ប្រព័ន្ធអេកូទេសចរណ៍ថ្មីមួយដែលផ្តោតទិសដៅលើអ្នកកាន់កាប់រូបិយប័ណ្ណគ្រីបតូ អាចផ្តល់ការជំរុញដ៏ធំដល់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសថៃ ប្រសិនបើអាជ្ញាធរទេសចរណ៍ថស (TAT) ងាកចេញពីការធ្វើទីផ្សារបែបប្រពៃណីដើម្បីទាក់ទាញសហគ្រិនខ្នាតតូចថ្មីៗ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Jirayut Srupsrisopa ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ភ្លែតហ្វម Bitkub ដែលភ្លែតហ្វមជួញដូររូបិយប័ណ្ណគ្រីបតូ បានថ្លែងថា ខណៈដែល ផ.ស.ស របស់ប្រទេសថៃមានទំហំប្រហែល ៥០០ប៊ីលានដុល្លារ ទីផ្សាររូបិយប័ណ្ណគ្រីបតូមានតម្លៃជាង ៣ទ្រីលានដុល្លារ។

លោកថ្លែងថា កំណើនដ៏ខ្លាំងរបស់ទីផ្សារនេះបានជួយឱ្យបុគ្គលនានាក្លាយជាមនុស្សមានបាន ហើយក្រុមបុគ្គលទាំងនេះគួរតែត្រូវបានចាត់ទុកថាជាអតិថិជនសក្តានុពលសម្រាប់ទេសចរណ៍ថៃ ខណៈដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសការទូទាត់តូចៗ នឹងអាចឱ្យពួកគេធ្វើការងារពីចម្ងាយពីទីកន្លែងណាក៏បាន និងទទួលបានការទូទាត់តាមរយៈប្រតិបត្តិការនៅលើបច្ចេកវិទ្យាប្លុកឆេន (blockchain) ដែលមិនមានចំណាយលើកម្រៃសេវា និងមានការចំណាយទាបជាងប្រតិបត្តិការហិរញ្ញវត្ថុបែបប្រពៃណី។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «បំប្លែងទេសចរណ៍ជាមួយនឹងទេសចរណ៍គ្រីបតូ» កាលពីម្សិលមិញ លោក Jirayut បានថ្លែងថា បុគ្គលិកបែបនេះកំពុងក្លាយជាសហគ្រិនខ្នាតតូច ឬអ្នកដើរផ្សងផ្សេងបែបគ្រីបតូ ដែលស្វែងរកទីកន្លែងដែលអាចរស់នៅបាន ហើយក៏អាចផ្តល់ជូនបទពិសោធធ្វើដំណើរផងដែរ។

ឮលោក Jirayut បានថ្លែងថា៖ «វិស័យឯកជនត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប៉ុន្តែយើងរង់ចាំតែរដ្ឋាភិបាលប៉ុណ្ណោះ ដើម្បីចុងប៊ូតុងចាប់ផ្តើមតាមរយៈការអនុម័តច្បាប់ បទប្បញ្ញត្តិ ឬគោលនយោបាយ ដើម្បីជួយសម្របសម្រួលទីផ្សារទ្រព្យសកម្មឌីជីថល។ ផ.ស.ស ជាតិរបស់យើងអាចកើនឡើង ៦ដង បើយើងអាចពង្រឹងទីផ្សារនេះបាន»

ទោះជាយ៉ាងណា កំណើននេះនឹងចាប់ផ្តើមពីមូលដ្ឋានទាប ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) របស់ប្រទេសថៃបានព្យាករថា កំណើន ផ.ស.ស នៅឆ្នាំនេះកើនឡើងត្រឹមតែ ១,២ភាគរយប៉ុណ្ណោះ ខណៈដែលនៅឆ្នាំ២០២២ នឹងកើនឡើងពី ៣,៥-៤,៥ភាគរយ។

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ថ្លែងថា គោលនយោបាយទេសចរណ៍ឌីជីថលមានបំណងជួយដល់ប្រតិបត្តិករទេសចរណ៍ដែលខ្វះខាតសាច់ប្រាក់ ដែលបានរងគ្រោះពីផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលពួកគេពិបាកក្នុងការទទួលបានជំនួយហិរញ្ញវត្ថុពីប្រភពហិរញ្ញវត្ថុបែបប្រពៃណី។

លោកបន្តថា TAT កំពុងស្ថិតក្នុងដំណើរការកសាងប្រព័ន្ធអេកូទេសចរណ៍ថ្មីមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលមានប្រាក់ច្រើន រួមទាំងអ្នកកាន់កាប់រូបិយប័ណ្ណគ្រីបតូ ចាយប្រាក់របស់ពួកគេដោយផ្ទាល់ទៅកាន់ប្រតិបត្តិករទេសចរណ៍ដោយមិនចាំបាច់មានភ្នាក់ងារ ឬឈ្មួញជើងសារ។

លោកថ្លែងថា ខណៈដែលប្រតិបត្តិករទេសចណ៍ភាគច្រើនគឺជាអាជីវកម្មធុនតូច ឬធុនមធ្យម ពួកគេភាគច្រើនមានបំណុលមានកម្រិត ដូច្នេះ TAT អាចដើរតួនាទីជាអ្នកធានាបានតាមរយៈការបោះផ្សាយកាស និងការជ្រើសរើសសណ្ឋាគារជាដៃគូដើម្បីបែងចែកកូតាបន្ទប់របស់ពួកគេធ្វើជាបន្ទប់សម្រាប់ភ្ញៀវដែលប្រើប្រាស់កាសសម្រាប់ការទូទាត់។

លោក Yuthasak បានបន្ថែមថា TAT នឹងពិភាក្សាបន្ថែមជាមួយគណៈកម្មការមូលបត្រថៃអំពីលទ្ធភាពបោះផ្សាយកាស TAT ដែលអាចប្រើប្រាស់ជាមួយផលិតផលទេសចរណ៍ក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕