(ភ្នំពេញ)៖ លោក អ៊ា តិចគង់ នាយកបច្ចេកទេសគម្រោង CAST នៃអង្គការទស្សនៈពិភពលោកបានឱ្យដឹងថា ការបង្កើត និងដាក់ឱ្យដំណើរការ កម្មវិធី «តាមដានផលិតផលត្រី» ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ឱ្យបានដឹងច្បាស់លាស់ អំពីប្រភពត្រី អ្នកចិញ្ចឹម ទីកន្លែងចិញ្ចឹម ចិញ្ចឹមដោយរបៀបណា ដែលធ្វើឱ្យអ្នកទទួលទានទទួលបានសុវត្ថិភាព ក្នុងការទទួលទានត្រី ដែលធ្វើឱ្យត្រីក្នុងស្រុកដែលចិញ្ចឹម ដោយកសិករខ្មែរកាន់តែមានទីផ្សារ និងទទួលបានតម្លៃបន្ថែម។ ជាមួយគ្នានេះក៏ជំរុញឱ្យកសិករ ពង្រឹងទៅលើការចិញ្ចឹមដោយមានបច្ចេកទេសស្តង់ដារ ងាយស្រួលចូលក្នុងទីផ្សារផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីចុះកិច្ចព្រមព្រៀង បង្កើតកម្មវិធីតាមដានផលិតផលត្រីរវាងអង្គការទស្សនៈពិភពលោក និងដាវ៉ាន់ នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១ លោក តិចគង់ បន្តថា «ចង្វាក់ផលិតកម្មទាំងអស់ ទាំងអ្នកចិញ្ចឹម អ្នកកែច្នៃ និងទីផ្សារ ដូចដាវ៉ាន់ជាដើម គឺគាត់មានទំនុកចិត្តទៅវិញទៅមក បើសិនជាយើងទិញផលិតផលដែលគ្មានប្រភពច្បាស់លាស់បងប្អូន គិតមើលទៅថា មានទំនុកចិត្តឬអត់។ អីចឹងបើសិនជាយើងដឹងថា ឧបមាថា ត្រីអណ្តែង គាត់នាំមកពីកំពង់ចាម គាត់ចិញ្ចឹមរបៀបម៉េច យើងដឹងប្រភពច្បាស់លាស់ អីចឹងវាធ្វើឱ្យយើងមានអារម្មណ៍មួយពេលដែលញ៉ាំត្រីហ្នឹងទៅវាមានសុវត្ថិភាព»

លោកបន្តថា បច្ចុប្បន្ននេះ CAST បាននិងកំពុងធ្វើការជាមួយកសិករ នៅទូទាំងប្រទេសកម្ពុជា ទាំងអ្នកចិញ្ចឹមត្រី ទាំងអ្នកកែច្នៃផលិតផលត្រី សរុបប្រមាណជាង១៥០០នាក់ ហើយម្ចាស់អាជីវកម្មទាំងនោះ គឺជាទីតាំងខ្នាតស្តង់ដារឧស្សាហកម្ម ឬអាជីវកម្មខ្នាតធំ ដែលមានលទ្ធភាពក្នុងការផ្គត់ផ្គង់ដល់ទីផ្សារជាប្រចាំ។ នៅឆ្នាំក្រោយ គម្រោងនេះ ពង្រីកក្រុមកសិករចិញ្ចឹមឱ្យបានច្រើនជាងនេះផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធត្រួតពិនិត្យគុណភាពត្រីនេះ បានសហការដាក់ឱ្យប្រើប្រាស់ជាមួយហាងដាវ៉ាន់ ហើយនៅពេលខាងមុខទៀត លោកនឹងបង្កើនចំនួនហាងឱ្យច្រើន ដើម្បីជួយដល់ការពង្រីកទីផ្សារឱ្យកសិករ។

លោក ឆេង មករា តំណាងហាងដាវ៉ាន់ បានលើកឡើងថា ផលិតផលត្រី ដែលស្ថិតនៅក្នុងកម្មវិធីតាមដានផលិតផលត្រីនេះ នឹងមានបិទលេខកូដនៅលើកញ្ចប់ ហើយអតិថិជន គ្រាន់តែប្រើទូរស័ព្ទស្មាតហ្វូនស្គែន QR Code នៅលើកញ្ចប់ត្រីទាំងនោះ នឹងទទួលបានព័ត៌មានថាៈ ត្រីនោះចិញ្ចឹមដោយកសិករ ឈ្មោះអ្វី កសិដ្ឋាននៅទីណា និង ចិញ្ចិមរបៀបណា តាមបច្ចេកទេស បែបណាជាដើម ។

លោកបន្តថា «ការបង្កើតកម្មវិធី តាមដានផលិតផលត្រីនេះ គឺក្នុងគោលបំណងផ្តល់ទំនុកចិត្តដល់អតិថិជនឱ្យបានដឹងច្បាស់លាស់ អំពីប្រភពត្រី ដែលក្នុងន័យនេះ ក៏ជាការកំណត់ ឬតម្រូវឱ្យកសិករចិញ្ចឹមត្រីទាំងឡាយ ចិញ្ចឹមឱ្យបានល្អ ត្រឹមត្រូវតាមបច្ចេកទេស ដែលជាលទ្ធផលវានឹងនាំមកនូវសុវត្ថិភាព ដល់សុខភាពរបស់អតិថិជន អ្នកបរិភោគផង ជួយលើកកម្ពស់ គុណភាពបច្ចេកទេស ចិញ្ចឹមត្រីផង ជួយធ្វើឱ្យតម្លៃត្រីរបស់កសិករមានតម្លៃសមស្របផង ក៏ជាការរួមចំណែក ពង្រីកទីផ្សារក្នុងស្រុកសម្រាប់កសិករចិញ្ចឹមត្រីក្នុងស្រុកផង »

លោកបន្ថែមថា អង្គការទស្សនៈពិភពលោក និង ដាវ៉ាន់ មានគណៈកម្មការជំនាញ ដែលត្រួតពិនិត្យជាប្រចាំនូវគុណភាពត្រីរបស់កសិករ ហើយប្រសិនបើកសិករណា ប្រតិបត្តិមិនបានល្អត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព និងអនាម័យទេនោះ កសិករទាំងនោះ នឹងមិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងបណ្តាញនៃកម្មវិធីតាមដានផលិតផលត្រី។ ចំពោះកសិករចិញ្ចឹមត្រី ដែលបានចូលក្នុងបណ្តាញនេះហើយ ក្នុងករីណកសិករនោះ មិនបានបំពេញត្រឹមត្រូវទេនោះ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តនៅក្នុងបណ្តាញនេះតទៅទៀតដែរ៕