(ប៉េកាំង)៖ ប្រទេសចិន និងទ្វីបអាហ្វ្រិកបានរក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏រឹងមាំ បើទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ក្តី ខណៈពាណិជ្ជកម្មទេ្វភាគីរបស់ប្រទេសនិងតំបន់នេះមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ។ នេះបើយើងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Qian Keming រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនខណៈថ្លែងថា ពាណិជ្ជកម្មរវាងប្រទេសចិន និងទ្វីបអាហ្វ្រិក បានកើនឡើង ៣៨,២ភាគរយក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដល់ចំនួន ១៨៥,២ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលដូចគ្នានេះ។

លោក Qian បានថ្លែងថា ការវិនិយោគផ្ទាល់របស់ប្រទេសចិនក្នុងទ្វីបអាហ្រ្វិកបានកើនឡើងដល់ ២,៥៩ប៊ីលានដុល្លារចាប់ពីខែមករាដល់ខែកញ្ញានេះ កើនឡើង ៩,៩ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ អត្រាកំណើនមាន ៣ពិន្ទុភាគរយដែលខ្ពស់ជាងការវិនិយោគនៅក្រៅប្រទេសរួមរបស់ប្រទេសចិន។ លោកបន្ថែមថា អត្រាកំណើននេះមានកម្រិតខ្ពស់ជាងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានទឹកប្រាក់ចំនួន ៥៣,៥ប៊ីលានដុល្លារនៅទ្វីបអាហ្រ្វិកក្នុងរយៈពេលនេះ ដែលកើនឡើង ២២,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានចំណូលសរុបចំនួន ២៦,៩ប៊ីលានដុល្លារ កើនឡើង ១១,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Qian បានថ្លែងទៀតថា តួលេខនេះបង្ហាញពីទំនុកចិត្តរបស់សហគ្រានចិនចំពោះការអភិវឌ្ឍអនាគតរបស់ទ្វីបអាហ្រ្វិក។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា នៅចុងខែវិច្ឆិកានេះ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៨ នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្រិ្វក (FOCAC) នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសសេណេហ្កាល់។

ប្រទេសចិនរក្សាបានតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្រ្វិករយៈពេល ១២ឆ្នាំជាប់គ្នា។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៨៧ប៊ីលានដុល្លារនៅឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕