(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា វិស័យសំណង់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ នៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញនូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជា ធ្វើចត្តាឡីស័ក្កនោះទេ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣ ៥៩៨ គម្រោង មានផ្ទៃក្រឡាសំណង់ជិត១២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤ ៨៧៦ ៨០៤ ៨៩៩ដុល្លារ ។

លោកបន្តថា ការវិនិយោគគម្រោងភាគច្រើនជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់អគារផ្សេងៗទៀត។

ទន្ទឹមគ្នានេះ រយៈពេល១០ខែឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់សហគ្រាសក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ បានចំនួន២៨៥ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន១៤ និងក្រុមហ៊ុនសាងសង់មានចំនួន ២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន ៨៧ រូប ក្នុងនោះស្ថាបត្យករចំនួន ២៧ រូប និងវិស្វករចំនួន ៦០ រូប។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អំឡុងពេលដែលកម្ពុជាជួបរលកនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ខ្លាំង ប៉ុន្តែគម្រោងសាងសង់នៅរាជធានីភ្នំពេញ មិនសូវជាជួបបញ្ហារាំងស្ទះនោះទេ ខណៈនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ គម្រោងខ្លះនៅបន្តសាងសង់ និងមួយចំនួនទៀតបានពន្យារពេល ដោយសារតែជនជាតិចិន ដែលជាម្ចាស់គម្រោងមិនបានធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ប៉ុន្តែស្ថានភាពនេះ នឹងវិលត្រឡប់មកវិញជាធម្មតានាពេលខាងមុខវិញ។

លោកបន្តថា ក្នុងពេលដែលកម្ពុជា ក៏ដូចជាប្រទេសជិតខាងបើកប្រទេសឡើងវិញ នឹងធ្វើឱ្យចរន្តនៃការជួញដូរអចលនទ្រព្យកើនឡើងវិញ និងទទួលបាននូវអ្នកវិនិយោគក្នុងវិស័យសំណង់ និងអចលទ្រព្យបន្ថែមទៀត។

លោក ច្រឹក សុខនីម លើកឡើងបន្ថែមថា «បើសិនជាមានការធ្វើដំណើរច្រើន ឱកាសនៅក្នុងការវិនិយោគការទិញលក់ ការដោះដូរអចលនទ្រព្យ នឹងចាប់ផ្តើមមានកំណើនកើនឡើងវិញបន្តិចម្តងៗ។ សម្រាប់ខ្ញុំរយៈពេល៣ទៅ៥ខែទៀត ចំនួនអ្នកវិនិយោគគិននឹងបន្តមកកាន់ព្រះរាជាណាចក្រកម្ពុជាយើង កាន់តែច្រើនទៅៗ ដូច្នេះកំណើននៃការដោះដូរ វិស័យអលចនទ្រព្យនឹងត្រឡប់ទៅរកភាពធម្មតា ក្នុងពេលខ្លីខាងមុននេះ»