(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងបើកទទួលភ្ញៀវទេសចរសុវត្ថិភាព ឬទេសចរវ៉ាក់សាំង ដោយចាប់ផ្តើមដំបូងគេ គឺខេត្តព្រះសីហនុ។

ក្រោយពីមានការបញ្ជាក់ផ្លូវការ អំពីផែនការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងនេះ ទាំងអាជ្ញាធរខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សុទ្ធតែញាប់ដៃញាប់ជើង ក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងថា ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំង នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយជ្រើសរើសខេត្តព្រះសីហនុជាខេត្តដំបូង ដែលអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង ចូលមកកាន់កម្ពុជា។

លោកបន្តថា បច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងត្រៀមខ្លួន និងកំពុងធ្វើរឿងសំខាន់ៗជាច្រើនដូចជាធ្វើយ៉ាងណាគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាព, តាមដានត្រួតពិនិត្យការដាក់ឲ្យអនុវត្តន៍ នូវស្ដង់ដាររបស់ក្រសួងទេសចរណ៍, ជំរុញយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកកម្ពស់បរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹងរាវ ហេដ្ឋារចនាសម្ព័ន្ធ, សួនច្បារ, ចំណតរថយន្ដ និងបន្ទប់ទឹកសារធារណជាដើម ទាំងនេះជាកិច្ចការងារសំខាន់មួយចំនួនធំ ដើម្បីលើកម្ពស់សោភណ្ឌភាព រមណីយដ្ឋាន ពិសេសតំបន់ឆ្នេរសមុទ្រ ពង្រឹងសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការផ្សព្វផ្សាយពីសក្ដានុពល និងសេដ្ឋកិច្ចទាំងក្រៅ និងក្នុងស្រុក ដើម្បីទាក់ទាញទេសចរណ៍។

អ្នកនាំពាក្យរូបនោះបន្ថែមថា ក្រៅពីកិច្ចការទាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏មមាញឹកក្នុងការអំពាវនាវ ចំពោះអ្នកផ្ដល់សេវាទេសចរណ៍ សម្រាប់ការស្នាក់នៅហូបចុកនានា ធ្វើយ៉ាងណាកុំមានការដំឡើងថ្លៃឲ្យសោះ។ ក្រៅពីនេះបាន និងកំពុងជំរុញ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាក់ស្ដែងកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ ហើយគិតដល់ពេលនេះ ខេត្តព្រះសីហនុ មានពលរដ្ឋជាង៩០ភាគរយ ដែលទទួលបានវ៉ាក់សាំង។

លោកបានបញ្ជាក់ថា រឿងសំខាន់មួយទៀត គឺអាជ្ញាធរបានអនុវត្តយ៉ាងតឹងរឹង ចំពោះអាជីវករ និងអ្នកផ្ដល់សេវាទេសចរណ៍ គឺអនុវត្តន៍នូវវិធានការសុវត្ថិភាពទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ហើយអាជីវករ និងអ្នកផ្ដល់សេវាទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ដូស ដើម្បីទទួលទេសចរវ៉ាក់សាំង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

ក្រៅពីការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ ងាកទៅមើលខាងវិស័យឯកជនវិញ ក៏កំពុងមមាញឹក ចំពោះការរៀបចំខ្លួន ក្នុងការត្រៀមទទួលទេសចរណ៍វ៉ាក់សាំងនេះផងដែរ។

លោកស្រី ខៃ ចន្ដា អនុប្រធានសមាគមសណ្ឋាគារ ថ្លែងថា «វិស័យសណ្ឋាគារបានត្រៀមលក្ខណៈ ដើម្បីទទួលភ្ញៀវទេសចរ ដែលនឹងចូលមកកាន់កម្ពុជា នាពេលឆាប់ៗនេះ។ សណ្ឋាគារភាគច្រើន បាននិងកំពុងរៀបចំបុគ្គលិក រៀបចំសណ្ឋាគារជាបណ្ដើរៗ ដើម្បីត្រៀមផ្ដល់សេវាកម្ម»

លោកស្រីបន្ថែមថា ជាក់ស្ដែងសណ្ឋាគារបានរៀបចំគ្រប់ផ្នែកទាំងអស់ដូចជា ផ្នែកទទួលភ្ញៀវ, ផ្នែកស្នាក់នៅ, ផ្នែកកំសាន្ដ, ផ្នែកម្ហូបអាហារជាដើម គឺបានកែច្នៃឲ្យមានលក្ខណៈថ្មី ប្លែក ធ្វើយ៉ាងណាចង់ចិត្តឲ្យភ្ញៀវទេសច ដែលបានមកកម្ពុជាឲ្យចងចាំ និងបន្ដផ្សព្វផ្សាយដល់ទេសចរផ្សេងៗ ឲ្យចូលមកកាន់កម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា ដើម្បីទាក់ចិត្តភ្ញៀវទេសចរ យើងក៏បានរៀបចំយ៉ាងលម្អិតអំពី សេវាកម្មផ្នែកទេសចរណ៍ ដោយក្នុងកញ្ចប់នៃសេវាកម្ម បានដាក់បញ្ជូលនូវកម្មវិធីថ្មីៗ ប្លែកៗ ដែលមិនធ្លាប់មានពីមុនមក ដោយបង្ហាញថា ការចូលមករបស់ភ្ញៀវទេសចរលើកនេះ នឹងប្លែកអារម្មណ៍ជាក់ជាពុំខាន។

លោកស្រី ខៃ ចន្ដា បានបញ្ជាក់ថា «ចំណុចសំខាន់មួយទៀត ដែលសណ្ឋាគារបានត្រៀមលក្ខណៈយ៉ាងល្អឥតខ្ចោះ គឺការរក្សាអនាម័យ ព្រោះបរិបទនេះ ជាបរិបទនៃជំងឺកូវីដ១៩ ដូច្នេះត្រូវធ្វើយ៉ាងណារក្សាសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ សណ្ឋាគារនីមួយៗ ត្រូវមានជាប់ជាប្រចាំនូវប្រដាប់វាស់កំដៅ, អាកុលបាញ់សម្លាប់មេរោគ, បុគ្គលិកត្រូវពាក់ម៉ាសជាប់ជានិច្ច, រក្សាគម្លាតសុវត្ថិភាព ទាំងក្នុងបន្ទប់ទទួលភ្ញៀវ, ក្នុងភោជនីយដ្ឋានជាដើម។ ផ្នែកអនាម័យនេះជាផ្នែកសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ដោយសារតែភ្ញៀវទេសចរចូលមកឃើញ និងទទួលបានការរៀបចំ ត្រូវតាមស្ដង់ដារ ដែលគិតពីសុវត្ថិភាព, សុខភាព របស់ពួកគេជាចម្បងនោះ នោះពួកគេនឹងបន្ដផ្សព្វផ្សាយ ដល់ទេសចរដទៃទៀតជាពុំខាន»

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា និយាយចំពោះវិស័យឯកជន ដែលរកស៊ីលើផ្នែកទេសចរណ៍នេះ ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរ, ការផ្សព្វផ្សាយ និងការបម្រើសេវាកម្មនានាផងដែរ។

លោកស្រីបន្ថែមថា ការបើកទេសចរជាដំបូងនេះ ផ្ដើមឡើងពីខេត្តព្រះសីហនុមុនគេ ភ្ញៀវទេសចនឹងមានដំណើរកំសាន្ដនៅក្នុងខេត្តនេះ ហើយចំពោះផលិតផលទេសចរណ៍ គឺយើងមានសមុទ្រ, មានសណ្ឋាគារ, មានរីស៊តជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជាកំពុងរៀបចំផែនការលម្អិតបន្ថែមទៀត ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដោយជំហ៊ានដំបូងនឹងបើកទទួលភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ ជំហ៊ានបន្ទាប់នឹងបើកនៅខេត្តសៀមរាប និងឈានទៅបើកនៅទីក្រុងភ្នំពេញ នាពេលខាងមុខផងដែរ។

ភ្ញៀវទេសចរវ៉ាក់សាំង អាចដើរហើរក្នុងខេត្ត ដែលពួកគេចូលមកកម្សាន្ត បន្ទាប់ពីពេលមកដល់ធ្វើតេស្តកូវីដ១៩ អវិជ្ជមាន។ រយៈពេល៧ថ្ងៃក្រោយ បើសិនជាការធ្វើតេស្តអវិជ្ជមានទៀត ពួកគេអាចធ្វើដំណើរឆ្លងខេត្តទូទាំងកម្ពុជាបាន៕