(ភ្នំពេញ)៖ កម្ពុជាកំពុងតែរង់ចាំចម្លើយពីភាគីឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០ម៉ឺនប៉ារ៉ែល មកកាន់ប្រទេសវិញ ក្រោយត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ី ចាប់ក្រុមនាវិកនៃនាវា MT Strovolos ពាក់ព័ន្ធនឹងការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅរបស់កម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា «យើងអត់ទាន់ទទួលបានព័ត៌មានពីខាងឥណ្ឌូនេស៊ីវិញទេ ខណៈនៅពាក់កណ្ដាលខែមុន យើងបានផ្ដល់ឯកសារផ្លូវច្បាប់បន្ថែម ទាក់ទងនឹងរឿងការស្នើសុំរបស់កម្ពុជាទៅឥណ្ឌូនេស៊ី រឿងបញ្ជូនប្រេងមកវិញ»

លោក ជៀប សួរ បានបន្ថែមទៀតថា នីតិវិធីដែលខាងភាគីឥណ្ឌូនេស៊ី នៅមិនទាន់បានបញ្ចប់ការងារនេះទេ ដូច្នេះខាងកម្ពុជាអត់ទាន់ទទួលបានព័ត៌មាន អ្វីនៅឡើយទេ៖ «យើងត្រូវរង់ចាំ ព្រោះជានីតិវិធីតុលាការនៃប្រទេសឥណ្ឌូនេស៊ី ដូច្នេះយើងមិនដឹងនៅពេលណានោះទេ យើងនៅចាំសិន»

គូសបញ្ជាក់ថា មុនពេលប្រកាសខ្ស័យធុន ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ទទួលសិទ្ធិសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីរបស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល។

នៅអំឡុងចុងខែកក្កដា នាវារួមនឹងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេមកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។

ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ៕