(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់សាធារណជនទូទៅ ឲ្យចាប់ផ្តើម និងរក្សាឲ្យបាន នូវទម្លាក់សន្សំប្រាក់ ពិសេសត្រូវចេះសន្សំជាមួយគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណចេញដោយធនាគាជាតិនៃកម្ពុជា ដើម្បីទទួលបានការប្រាក់រីកចម្រើន ព្រមទាំងសុវត្ថិភាពខ្ពស់ផងដែរ។

ការអំពាវនាវបែបនេះ របស់ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «សន្សំប្រាក់ឥឡូវនេះ ដើម្បីអនាគតរបស់អ្នក» ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ជាសាធារណជនអំពីសារៈសំខាន់ នៃការសន្សំប្រាក់ និងការចូលរួមអបអរសាទរទិវាសន្សំអាស៊ាន។

លោក គា បូរាណ ក៏បានប្រាប់ដល់សាធារណជនទូទៅទាំងអស់ សូមចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់នេះ ដល់កុមារៗ ឬក្មេងតូចៗ ឲ្យឆាប់តាមតែអាចធ្វើបាន ដើម្បីឲ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយការដាក់ប្រាក់សន្សំទុកមុន និងចាត់ចែងការចំណាយតាមក្រោយ។

បើតាមលោក បូរាណ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ២០១៦-២០២០ កំណើនចំនួនគណនីសន្សំ មានការកើនឡើងជិត ២ដងរហូតដល់ជិត៩លានគណនី ត្រឹមដំណាច់ឆ្នាំ២០២០ សម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល។ ទោះយ៉ាងនេះក្តី ក៏នៅតែមានប្រជាជនជាច្រើនទៀត ពិសេសតាមតំបន់ជនបទ និងអ្នកមានចំណូលទាប ពុំទាន់បានប្រើប្រាស់ការសន្សំផ្លូវការជាមួយគ្រឹះស្ថានមានអាជ្ញាប័ណ្ណចេញដោយធនាគារជាតិនៃកម្ពុជា។

លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការសន្សំប្រាក់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដែលរួមមានគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួនឯង សង្គម និងសេដ្ឋកិច្ចជាតិ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត និងជំរុញបន្ថែមលើវប្បធម៌ នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ តាមរយៈសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល បាគង (Bakong Digital Transactions) ដែលផ្តល់លទ្ធភាពដល់ការទូទាត់ និងផ្ទេរប្រាក់រវាងគ្រឹះស្ថាន និងគ្រឹះស្ថានក្នុងគោលដៅបង្កភាពងាយស្រួល បង្កើនសុវត្ថិភាព និង កាត់បន្ថយការចំណាយសម្រាប់ប្រជាជន ដែលមានតម្រូវការទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថាន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តការពង្រឹងកិច្ចសហការប្រតិបត្តិការ ជាមួយធនាគារបរទេស ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងគោលដៅ សម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យងាកមកប្រើប្រាស់សេវាធនាគារ ដែលមានភាពងាយស្រួល អស់កម្រៃតិច និង ធានាសុវត្ថិភាពដើម្បីផ្ញើប្រាក់មកសមាជិកគ្រួសារនៅកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នការដាក់ប្រាក់សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ការដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង៣៧ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ១២.០៥លានគណនី៕