(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឲ្យដំណើរការជាផ្លូវការនៃ «គេហទំព័រ Khmer SME» ដែលជាថ្នាលព័ត៌មានឌីជីថលមួយ ក្នុងការជំរុញមួយផ្នែកធំ ដល់សហគ្រាសធុនមីក្រូតូច និងមធ្យម (SME) ដើម្បីអភិវឌ្ឍគុណភាពផលិតផល ស្របតាមស្ដង់ដារនៃកម្ពុជា។

ការដាក់ដំណើរការនៃ «គេហទំព័រ Khmer SME» ធ្វើឡើងក្រោមការចូលរួមពីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

គេហទំព័រ Khmer SME ជាថ្នាលព័ត៌មានឌីជីថល ដែលផ្តល់ឱកាសឲ្យសហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ ទទួលបាននូវព័ត៌មាននៅនឹងកន្លែងដូចជាផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាល បច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាប័ន្ន។

គេហទំព័រ Khmer SME បង្កើតឡើងក្រោមគម្រោងកិច្ចសហប្រតិបត្តិកា ររវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់អ GIZ។

កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានឲ្យដឹងថា គេហទំព័រ Khmer SME ជាកន្លែងផ្តួចផ្តើមគំនិតធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពខ្លួន រួមទាំងពង្រីកវិមាត្រធុរកិច្ចពីធុនមីក្រូទៅធុនតូច តាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងសំដៅជំរុញការប្រកួតប្រជែង ប្រកបដោយស័ក្តិសិទ្ធភាព។

កិត្តិសេដ្ឋាបណ្ឌិតបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូច និងមធ្យម ជាវិស័យអាទិភាពដែលមានលទ្ធភាព ជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិ ឲ្យមានភាពប្រសើរឡើងវិញ ដោយកំណត់នូវមុខផលិតផលមួយចំនួន ជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ តាមរយៈផលិតផលទាំងអស់ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដូចនេះគេហទំព័រ Khmer SME ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម ក្នុងការទាញយកព័ត៌មានចាំបាច់ និងសំខាន់ៗតាមតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារកម្ពុជា»

លោកបន្តថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច និងសង្គម តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃ ក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឲ្យអស់លទ្ធភាព នៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរបច្ចេកវិទ្យា។

គេហទំព័រ KhmerSME នេះនឹងជួយជំរុញជំរុញបង្កើនសមត្ថភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូច តូច និងមធ្យមនៅកម្ពុជា ឲ្យមានសម្ទុះទៅមុខឈានមួយកម្រិតបន្ថែមទៀត សំដៅប្រែក្លាយជាកម្លាំងចលករពិតៗ ក្នុងការចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម កម្ពុជាថ្លែងឲ្យដឹង «ជាការពិតគេហទំព័រ Khmer SME នឹងជួយយ៉ាងច្រើន ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះ ដោយសារតែក្នុងគេហទំព័រមួយនេះ នឹងមានព័ត៌មានផ្សេងៗជាច្រើន ទាក់ទិននឹងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាការផ្ដល់ភាពងាយស្រួល ក្នុងការប្រកបអាជីវកម្ម គេហទំព័រនោះមានព័ត៌មានផ្សេងៗដូចជា ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រជាដើម»

ឧកញ៉ាបន្ដទៀតថា កន្លងមកសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម កម្ពុជាបានរៀបចំកម្មវិធីផ្សេងៗ ដើម្បីឲ្យអ្នកនៅក្នុងវិស័យ SME មានការយល់ដឹងកាន់តែច្រើន ជាក់ស្ដែងយើងក៏បានធ្វើការចុះបង្រៀនតាមបណ្ដាខេត្តក្រុងនានា ឲ្យចេះប្រើប្រាស់ឥណទាន ចេះរៀបចំបញ្ជីស្នាមដើម្បីខ្ចីប្រាក់ពី ធណាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីយកមកប្រកបអាជីវកម្មជាដើម៕