(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ បានជំរុញឲ្យគ្រប់ស្ត្រីទាំងអស់ មានសិទ្ធិស្មើបុរស មិនមែនមានសិទ្ធិតែក្នុងការងាររកស៊ីទេ អាចចូលប្រឡូកក្នុងការងាររាជរដ្ឋាភិបាល យើងក៏ចង់លើកតម្តើងឲ្យស្ត្រី ចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ ព្រោះស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម ដើម្បីមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គម យ៉ាងស្រាក់សស្រាំ។

លោកបន្ដថា យើងជំរុញឲ្យស្ត្រី ត្រូវចេះលើកបញ្ហាប្រឈម នៅក្នុងវទិកាសាធារណៈ យើងបង្ហាត់បង្ហាញ ឲ្យស្ត្រីមានភាពក្លាហាន ហ៊ានឆ្លើយ ហ៊ានសួរ ដើម្បីឲ្យគាត់ បាននាំយកបទពិសោធន៍បង្រៀនដល់ស្ត្រីនៅតាមបណ្តាខេត្ត រាជធានី ចេះដោះស្រាយបញ្ហា ចំពោះប្រឈម សំដៅពង្រឹងភាព ក្លាហានក្នុងការបញ្ចេញមតិយោបល់ តាមបែបវិទ្យាសាស្ត្រ ការអភិវឌ្ឍន៍ បច្ចេកវិទ្យា និងសម្ថភាពនវានុវត្តន៍ ស្របតាមបដិវត្ត ឧស្សាហកម្មជំនាន់។

លោកឧកញ៉ា តែ តាំងប៉ លើកបង្ហាញ និងផ្តល់មតិ ដល់សិក្ខាកាមបែបនេះ នៅក្នុងកម្មវិធីសិក្ខាសាលា ចែករំលែករបាយការណ៍ ស្តីពីតម្រូវការ និងបញ្ហាប្រឈម របស់សហគ្រិន និងណែនាំពីកម្មវិធីជ្រើសរើសសហគ្រិនស្រ្តីក្លាហាន ក្នុងការងារបញ្ចេញមតិជាសាធារណ: នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោកឧកញ៉ា តែ តាំងប៉ ជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធាន ក្រុមការងារទី៣ ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម បានសំដែងនូវសេចក្តីសោមនស្សរំភើបរីករាយក្រៃលែងដែលបានចូលរួម កម្មវិធីសិក្ខាសាលាចែករំលែករបាយការណ៍ ស្ដីពីតម្រូវការ និងបញ្ហាប្រឈម របស់សហគ្រិន និងណែនាំពីកម្មវិធីជ្រើសរើសសហគ្រិនស្រ្តីក្លាហាន ក្នុងការងារបញ្ចេញមតិជាសាធារណៈ។

ចំពោះកម្មវិធីសិក្ខាសាលានេះ ជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពជាច្រើនរបស់គម្រោង ដែលត្រូវអនុវត្តន៍ដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមការគាំទ្ររបស់ USAID និងអង្គការផេកកម្ពុជា ក្រោមគម្រោង សហគ្រិននារីសកម្ម (វីអែដ WE Act) ដែលរយៈពេលរបស់គម្រោង គឺមានរយៈពេល១ឆ្នាំ និងត្រូវអនុវត្តនៅក្នុងរាជធានីខេត្ត គោលដៅ ចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តកំពត។

គោលបំណងនៃកម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះ គឺផ្សព្វផ្សាយពីរបាយការណ៍តម្រូវការ និងបញ្ហាប្រឈមរបស់សហគ្រិន នៅក្នុងខេត្តគោលដៅទាំង៤ ដែលក្រុមការងារ របស់ FASMEC បានចុះប្រមូលទិន្នន័យ កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅដោយ ត្រូវចុះសម្ភាសន៍ផ្ទាល់ជាមួយនិងសហគ្រិន ប្រមាណ៣០០នាក់ និងណែនាំ ពីកម្មវិធីជ្រើសរើសហគ្រិន ស្រ្តីក្លាហាន ក្នុងការងារ បញ្ចេញមតិជាសាធារណៈ ដែលកម្មវិធីនេះ គឺជំរុញឲ្យស្ត្រីមានភាពក្លាហាន ក្នុងការចូលរួមសកម្មភាពនានា ជាសាធារណ: និងមានភាពក្លាហាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំរាប់សហគ្រាសរបស់ពួកគាត់។

លោកឧកញ៉ា បន្តថា សកម្មភាពសិក្ខាសាលានៅក្នុងថ្ងៃនេះ សម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានរៀបចំសិក្ខាសាលាទូទាំង២៥រាជធានីខេត្តក្រុង និងកម្មវិធីពន្លឿនការអភិវឌ្ឍន៍ អាជីកម្មនៅកម្ពុជា ឲ្យមានវិសាលភាពធំទូលំទូលាយ ដោយមានការសហការរួមគ្នារវាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវីល និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក និងសហគ្រិនស្ត្រី។

ដូចនេះ កម្មវិធីសិក្ខាសាលាចែករំលែករបាយការណ៍នេះ ពិតជាមានសារៈសំខាន់ ដើម្បីឲ្យសហគ្រាសទាំងអស់បានដឹង ពីបញ្ហាប្រឈម និង តំរូវការមួយចំនួន ដែលនិងរួមគ្នាក្នុងការដោះស្រាយ ជ្រំជ្រែងសហគ្រិន សហគ្រិនវ័យក្មេងនៅកម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញនូវសមត្ថភាព ការបង្កើតគំនិតច្នៃប្រឌិតថ្មី និងការអភិវឌ្ឍន៍ផលិតផលរបស់ខ្លូន ឲ្យមានគុណភាពខ្ពស់ និងនវានុវត្តន៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

លោកឧកញ៉ា បានរំលឹកថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និងសង្គម តាមរយៈការធ្វើសមាហរណៈកម្មខ្សែសង្វាក់ នៅក្នុងតំបន់ និងសកលលោក ដោយប្រើឲ្យអស់លទ្ធភាពធនធានក្នុងស្រុក ហើយនឹងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ ជាក់ស្ដែង កាលពីខែកក្កដា កន្លងទៅនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលរួមធ្វើពីធីទីវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកម្ពុជាប្រារពជាលើកដំបូងក្នុងឆ្នាំ២០២១។

នាឱកាសនោះដែរ ក៏មានផ្តល់លិខិតសរសើរ ពានរង្វាន់ដល់ម្ចាស់សហគ្រាស ក្នុងការផលិត និងកែច្នៃ ផលិតផលរបស់ខ្លួន ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គុណភាព សុវត្ថិភាព និងទំនុកចិត្ត ដោយផ្សារភ្ជាប់ទៅនឹងគោលគំនិត គ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយ នៅក្នុងខ្សែសង្វាក់ផលិតកម្មផងដែរ៕