(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយមានការកើនថ្លៃជាបន្តបន្ទាប់ ដោយសាំងស៊ុបពែរ តម្លៃ៤,៨៥០រៀលក្នុង១លីត្រ, សាំងធម្មតា តម្លៃ ៤,៣០០រៀលក្នុង១លីត្រ និងម៉ាស៊ូត តម្លៃដល់៤,០០០រៀលក្នុង១លីត្រ។
ការកើនឡើងថ្លៃតម្លៃលក់រាយប្រេងឥន្ទនៈ បានធ្វើឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះបានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគេ។
ជុំវិញការឡើងថ្លៃនេះលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ឲ្យដឹងថា ការកើនឡើងនេះអាស្រ័យទៅលើការ កើនឡើងចុះនៃតម្លៃប្រេងរបស់ទីផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា មិនមែនជាប្រទេសផលិតប្រេង ហើយកម្ពុជាទិញប្រេងពីសិង្ហបុរី និងនាំចូលប្រេងពីប្រទេសជិតខាង ដូច្នេះនៅពេលដែលថ្លៃប្រេងអន្ដរជាតិស្ទុះឡើង វាធ្វើឲ្យជះឥទ្ធិពល ដល់ការលក់រាយថ្លៃប្រេងឥន្ទនៈរបស់កម្ពុជា។ ការកើនឡើងនេះ មិនមែនជាចេតនា និងមិនមែនជាអ្វី ដែលរាជរដ្ឋាភិបាលកំណត់នោះទេ វាជាឥទ្ធិពលតម្រូវការ និងការផ្គត់ផ្គង់ នៃការកើនឡើងថ្លៃប្រេងអន្ដរជាតិ»។
លោក ប៉ែន សុវិជាតិ បន្ដទៀតថា រដ្ឋបាលភិបាលបានធ្វើការទប់លំនឹងនៃកំណើននេះ ដោយរក្សាដដែលនូវលើតម្លៃពន្ធ និងការឧបត្ថម្ភធននានា ដោយបន្ដឧបត្ថម្ភ ៤សេនដុល្លារក្នុងមួយលីត្រ ដើម្បីធ្វើយ៉ាងណាកុំឲ្យ មានការកើនឡើងខ្ពស់ពេក ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រេងកំណត់ផលិត របស់ក្រុមអង្គការ OPEC ដែលជាក្រុមប្រទេសផលិតប្រេង បានព្យាករណ៍តម្រូវការនៅទាប ហើយឥលូវនេះ តម្រូវការមានការកើនឡើងខ្ពស់ ដូច្នេះតម្លៃប្រេងសកល ក៏វាមានការកើនឡើង។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា តម្រូវការប្រេងមានការកើនឡើង ដោយសារតែមានបើកការធ្វើដំណើរឡើងវិញ នៅតាមបណ្ដាប្រទេសនីមួយៗ។ ជាក់ស្ដែងដូចជា កម្ពុជាជាប្រទេសនៅក្នុងតំបន់អភិវឌ្ឍន៍ មានរោងចក្រ សហគ្រាស នៅតែបើកដំណើរការជាដើម -ល-។ កម្ពុជាកំពុងតែពិនិត្យពិចារណា លើលទ្ធភាពជាក់ស្ដែង ក្នុងករណីមានកំណើនខ្ពស់តទៅទៀត ក៏ប៉ុន្ដែមិនហ៊ានសន្យាថា តម្លៃប្រេងអាចនឹងត្រូវកំណត់បាន ទៅតាមរបៀបណាឡើយ។
លោករំពឹងទុកថា អង្គការ OPEC នឹងបង្កើនផលិតកម្ម ហើយតម្លៃប្រេងអន្ដរជាតិ និងមានការធ្លាក់ចុះមកវិញ។ កម្ពុជានឹងខិតខំរក្សាយ៉ាងណា ឲ្យមានការនាំចូលស្ដុបប្រេង សម្រាប់ប្រើប្រាស់ក្នុងទីផ្សារ ឆ្លើយតបនឹងតម្រូវការ ឲ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «មិនមែនរដ្ឋមិនគិតគូទេ រដ្ឋកំពុងតែចាត់វិធានការជាក់ស្ដែង ក្នុងការវិភាគទៅលើតម្លៃអន្ដរជាតិ។ បើសិនជាការនាំចូលថ្លៃហួសហេតុ ក៏យើងនឹងធ្វើការពិចារណាឡើងវិញ ថ្លៃប្រេងនេះដែរ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ឲ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើង ដល់កម្រិតខ្ពស់បំផុតថ្មីមួយនៅថ្ងៃនេះ ខណៈតម្រូវការបន្តស្ទុះងើបឡើងវិញ ពីការរាតត្បាតជំងឺកូវីដ-១៩ ដែលជំរុញដោយតម្រូវការប្រេង ដើម្បីផលិតអគ្គិសនីក្នុងគ្រាដែលឧស្ម័ន និងធ្យូងថ្មឡើងថ្លៃ។
កិច្ចសន្យាជួញដូរនាពេលអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent របស់អង់គ្លេស បានឡើងថ្លៃ ១ភាគរយ ដល់ ៨៥.៧៣ដុល្លារក្នុងមួយបារែល នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលានេះ ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៨។
កិច្ចសន្យាជួញដូរនាពេលអនាគតសម្រាប់ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានឡើងថ្លៃ ១.១២ដុល្លារ ឬ ១.៤ភាគរយដល់ ៨៣.៤ដុល្លារក្នុងមួយបារែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៤។ កិច្ចសន្យាជួញដូរប្រេងឆៅទាំងពីរនេះ បានឡើងថ្លៃយ៉ាងហោចណាស់ ៣ភាគរយកាលពីសប្តាហ៍មុន៕