(ភ្នំពេញ)៖ វិបត្តិជំងឺកូវីដ១៩ ជាពិសេសក្រោយព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើននៅកម្ពុជា តែសម្រាប់ក្នុងវិស័យសំណង់វិញ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា មិនសូវប៉ះពាល់ខ្លាំងនោះទេ ស្ទើរគ្រប់គម្រោងនៅដំណើរការធម្មតា ខណៈក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ននេះ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យនេះជិត៤ពាន់លានដុល្លារ។

យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២១ គម្រោងដែលទទួលបានការអនុញ្ញាត ឱ្យសាងសង់សរុបមានចំនួន២៩០១គម្រោង មានតម្លៃសរុប ចំនួន ៣ ៨៤៣លានដុលា្លរ បានធ្លាក់ចុះ២៤.៤% ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន២ ៥៣០គម្រោង ដែលស្មើនឹង ៨៧.២%នៃសំណើសុំសាងសង់សរុបបានធ្លាក់ចុះ៤៤៩ គម្រោងធៀបនឹងរយៈពេ លដូចគ្នាឆ្នាំមុន។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ តុលានេះថា វិស័យសាងសង់មិនបានប៉ះពាល់ខ្លាំងនោះទេ ដោយការសាង់សង់លំនៅឋានក្នុងឆ្នាំ២០២១នេះ នៅតែដំណើរការល្អ និងមានការ ឡើងកើនឡើងជាបន្តបន្ទាប់ ព្រោះតែលំនៅឋានពឹងផ្អែកលើទីផ្សារក្នុងស្រុក។

អ្នកឧកញ៉ាបន្តថា ការធ្លាក់នូវគម្រោងសាងសង់ក្នុងឆ្នាំនេះ គឺដោយសារការធ្លាក់ចុះការសាង់សង់អាគារខុនដូ និងអាគារខ្ពស់ៗ ដោយសារភាគច្រើនអ្នកវិនិយោគជាបរទេស ខណៈប្រជាពលក្នុងស្រុកមិនទាន់មាននិន្នាការរស់នៅក្នុងខុន ដូរ ដូចលំនៅដ្ឋានជាប់ដីនោះទេ ហេតុនេះទើបធ្វើឱ្យការសាងសង់អគារខុនដូត្រូវនៅទ្រឹង។

អ្នកឧកញ៉ា ពន្យល់ថា «ជារួមធ្លាក់២០%មែន ប៉ុន្តែ២០%ទៅលើតែអគារខ្ពស់ៗ បានន័យថាជាទូទៅវិស័យលំនៅឋានមិនមែនថាអត់ធ្លាក់ទេ វាតិចតួច វាអត់អត់ច្រើនទេ ហើយ បើរាជរដ្ឋាភិបាលបើក សេដ្ឋកិច្ចឡើងវិញ បើកអីគ្រប់ឡើងវិញសង្ឃឹមថា ដំណើរការកាន់តែល្អឡើងវិញ»

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងដែរថា វិស័យសាងសង់ និងដីធ្លីនៅតែមានភាពធន់រឹងមាំដដែលក្នុងឆ្នាំ២០២១នេះ ទោះបីជាកម្ពុជាក៏ដូចជាពិ ភពលោកជួបវិបត្តិកូវីដ១៩ក៏ដោយ។

លោកសង្កេតឃើញថា គម្រោងសាង់សង់ទាំងគម្រោងចាស់ និងគម្រោងថ្មី នៅបន្តសាងសង់ដដែលជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ចេង ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ជាអ្វីដែលខ្ញុំមើលឃើញ ហើយជាអ្វីដែលខ្ញុំធ្លាប់បានធ្វើការជាមួយពួកគាត់ដូចជាម្ចាស់គម្រោង ម្ចាស់បុរីមួយចំនួន ខ្ញុំឃើញគាត់នៅបន្តការធ្វើធម្មតា គ្មានផ្អាកឬក៏ថយចុះទេ គាត់មានតែបន្ថែមការធ្វើថែមហើយ រីកពីមួយកន្លែងទៅមួយកន្លែងថែមទៀត»

លោករំពឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងស្ទុះងើបឡើងវិញ ទៅតាមកំណើនសេដ្ឋកិច្ច នៅពេលដែលរាជរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ច ហើយប្រជាពលរដ្ឋអាចធ្វើអាជីវកម្មបានធម្មតា៕