(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យកសិកម្ម ជាវិស័យមានសក្តានុពល និងដើរតួនាទីសំខាន់ក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានចូលរួមយ៉ាងសកម្ម ជាមួយនឹងវិស័យកសិកម្ម ជាស្តែងគិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យកសិកម្មប្រមាណ១៧ទ្រីលានរៀល ស្មើនឹងប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក។

លោកបានបញ្ជាក់ថា «វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុងមានការវិវត្តយ៉ាងខ្លាំង ពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩នេះ»

លោកបានបន្ថែមថា ការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់វិស័យកសិកម្ម ជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

មន្ត្រីជាន់ខ្ពស់រូបនេះបានគត់សម្គាល់ឃើញថា ទោះបីជាទំហំឥណទាន សម្រាប់វិស័យកសិកម្ម មានការកើនឡើងរៀងរាល់ឆ្នាំក្តី ក៏ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចីជាដើម។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យបង្កើតក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក្នុងឆ្នាំ២០១២ ដើម្បីប្រមូល និងចែករំលែកនូវព័ត៌មានឥណទានរបស់អតិថិជន ដែលបានជួយគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការសម្រចចិត្តផ្តល់ឥណទាន ជាពិសេស ទៅវិស័យកសិកម្ម និងទៅសហគ្រាសធុនតូច និងមធ្យម ដោយផ្អែកលើសមត្ថភាពសងរបស់អតិថិជន ជាជាងផ្អែកលើទ្រព្យបញ្ចាំ។

ដើម្បីចូលរួមលើកម្ពស់ការទទួលបាន សេវាហិរញ្ញវត្ថុដ៏សំបូរបែប និងប្រកបដោយការទទួលខុសត្រូវ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាសម្ព័ន្ធសហគមន៍កសិកម្មនៅកម្ពុជា។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រៅពីនេះក៏មានគោលបំណងលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ តាមរយៈការបញ្ជ្រៀបចំណេះដឹងហិរញ្ញវត្ថុ ដល់សមាជិកសហគម ការស្រាវជ្រាវ, ការអនុវត្តន៍គម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងជំរុញឲ្យទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយភាពទទួលខុសត្រូវ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាចំណុចចម្បង និងរិះរកគ្រប់មធ្យោបាយ ដើម្បីអាចឲ្យវិស័យកសិកម្មនេះ បានបន្ដរីកចម្រើនកាន់តែប្រសើរ៕