(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្តែងក្តីបារម្ភថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបានបាត់បង់សន្ទុះ និងមានការបែកខ្ញែកកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

នៅក្នុងរបាយការណ៍ ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតរបស់ខ្លួន មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ រំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៥.៩ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះ ០.១ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែកក្កដា និងកើនឡើងពីការធ្លាក់ចុះ ៣.១ភាគរយនៅឆ្នាំ២០២០។ IMF បានរក្សាការព្យាកររបស់ខ្លួន សម្រាប់ឆ្នាំ២០២២ នៅដដែល គឺ៤.៩ភាគរយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិ IMF បានលើកឡើងពីការកើនឡើងការគំរាមកំហែងនានា ចំពោះកំណើនសេដ្ឋកិច្ចដោយសារវីរុសកូវីដ១៩ ប្រភេទដែលតា ការអាក់ខានចង្វាក់ផ្គត់ផ្គង់ ការកើនឡើងអតិផរណា និងការហក់ឡើងការចំណាយលើអាហារ និងប្រេងឥន្ធនៈ។ IMF ក៏បានទម្លាក់តួលេខសម្រាប់ប្រទេសមួយចំនួនផងដែរ ជាពិសេសប្រទេសមានប្រាក់ចំណូលទាប ជាទីដែលការទទួលបានវ៉ាក់សាំងនៅមានកម្រិត។

អ្នកស្រី Gita Gopinath នាយកផ្នែកស្រាវជ្រាវសេដ្ឋកិច្ចរបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា «ជារួម ហានិភ័យចំពោះចក្ខុវិស័យសេដ្ឋកិច្ចបានកើនឡើង ហើយការដោះដូរគោលនយោបាយកាន់ តែមានភាពស្មុគស្មាញ។ ការបែកខ្ញែកដ៏គ្រោះថ្នាក់ក្នុងចក្ខុវិស័យសេដ្ឋកិច្ច នៅទូទាំងប្រទេសនានា នៅតែជាក្តីបារម្ភដ៏ធំមួយ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗ ក្នុងពិភពលោក មូលនិធិ IMF បានទម្លាក់ការព្យាកររបស់ខ្លួន ចំពោះសេដ្ឋកិច្ចអាមេរិកចំនួន ១ពិន្ទុភាគរយមកនៅត្រឹម ៦ភាគរយ ដោយសារបញ្ហាផ្គត់ផ្គង់ ប៉ុន្តែបានដំឡើងការព្យាករសម្រាប់ឆ្នាំ២០២២ ពី៤.៩ភាគរយដល់ ៥.២ភាគរយ។

IMF បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៨ភាគរយនៅឆ្នាំនេះ និង៥.៦ភាគរយនៅឆ្នាំក្រោយ ពោលគឺធ្លាក់ចុះ ០.១ពិន្ទុភាគរយសម្រាប់ទាំងឆ្នាំ២០២១ និង២០២២ ធៀបនឹងការព្យាករកាលពីខែកក្កដា។

មូលនិធិនេះបានដំឡើងការព្យាកររបស់ខ្លួន សម្រាប់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូដល់ ៥ភាគរយនៅឆ្នាំនេះធៀបនឹង ៤.៦ភាគរយ និងរក្សាការព្យាករនៅដដែលសម្រាប់ឆ្នាំ២០២២ គឺ ៤.៣ភាគរយ។

ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងកាណាដា ត្រូវបានទម្លាក់សម្រាប់ឆ្នាំនេះ ប៉ុន្តែបានដំឡើងវិញសម្រាប់ឆ្នាំ២០២២។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសមានប្រាក់ចំណូលទាប ត្រូវបានរំពឹងថានឹងកើនឡើងត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដោយមូលនិធ IMF កាត់បន្ថយ ០.៩ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែកក្កដា៕