(ភ្នំពេញ)៖ សមាគមសហពន្ធ័ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានសហការជាមួយធនាគារជាតិនៃកម្ពុជា, សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឡើងនូវព្រឹត្តិការណ៍ Camtech ដែលមានដៃគូជាមួយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) សម្រាប់ព្រឹត្តិការណ៍ World FinTech Festival ។

ព្រឹត្តិការណ៍ Camtech Summit និង World Fintech Festival នេះនឹងផ្តោតលើប្រធានបទសំខាន់ៗ ដើម្បីបញ្ជាក់នូវអ្វីដែលកម្ពុជា អាចផ្តល់ជូនដែលទាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយវាប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ។

ថ្ងៃទី១ គឺជាប្រធានបទនៅក្នុងខេត្តសៀមរាប ដែលផ្តោតលើបច្ចេកវិទ្យាដែលទាក់ទងទៅនឹងវិស័យទេសចរណ៍។ ថ្ងៃទី២ គឺជាប្រធានបទនៅក្នុងសីហនុ ដែលផ្តោតលើបច្ចេកវិទ្យា ដែលទាក់ទងទៅនឹងវិស័យយអចលនទ្រព្យ។ ថ្ងៃទី៣ គឺជាប្រធានបទនៅក្នុងខេត្តបាត់ដំបង ដែលបង្ហាញពីបច្ចេកវិទ្យា ដែលទាក់ទងទៅនឹងវិស័យកសិកម្ម និង ពាណិជ្ជកម្ម។ សម្រាប់ពីរថ្ងៃចុងក្រោយ គឺជាប្រធានបទនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តោតលើបច្ចេកវិទ្យា ដែលទាក់ទងទៅវិស័យផ្សេងៗជាច្រើន។

ព្រឹត្តិការណ៍មួយនេះ នឹងត្រូវបានចាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ក៏ដូចជានៅក្នុងគេហទំពរ័របស់ភ្នាក់ងារ Sponsor និងតាមរយៈឆាក World Fintech Festival ។

លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃ CAFT បានលើកឡើងថា «យើងជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារ ក្នុងការផ្តល់ឱកាសកាន់តែច្រើន សម្រាប់ប្រទេសកម្ពុជា។ វានឹងផ្តល់នូវចំណេះដឹង និងធនធានដល់សហគ្រិនទាំងអស់ នៅក្នុងប្រទេសកម្ពុជា វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ សម្រាប់អាជីវកម្មតែមួយប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពល ទៅដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងការសម្របខ្លួនទៅក្នុងវិសយ័បច្ចេកវិទ្យាហិរញ្ញវត្ថុនេះផងដែរ»

លោកស្រី Weena Llona នាយកប្រតិបត្តិនៃ CAFT បានឲ្យដឹងថា «ពួកយើងកំពុងផ្តល់ជូន នូវឱកាសទៅដល់លោក លោកស្រី ក៏ដូចជាក្រុមហ៊ុននានា ដែលមានចំណាប់អារម្មណ៍ក្នុងការឧបត្ថម្ភ និងធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍នេះ។ វាជាសេចក្តីរីករាយមួយរបស់ពួកយើង ដែលបានអញ្ជើញអ្នកទាំងអស់គ្នា និងចូលរួមក្នុងព្រឹត្តិការណ៍នេះ»
សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ +855 96 871 2304 ឬអ៊ីមែល [email protected]។ អ្នកអាចចូលមើលគេហទំព័រ Camtech តាមរយៈ www.camtechsummit.com ។

សូមជម្រាបថា សមាគមសហពន្ធ័ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) គឺជាសមាគមដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ ដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលមានគោបំណងលើកស្ទួយនូវជំនាញបច្ចេកទេសបង្កើតថ្មី ក្នុងវិសយ័បច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការប្រមូលផ្តុំនូវ អាជីវកម្មដែលទើបនឹងចាប់ផ្តើមស្ថាប័ន និងនិយ័តករនានា ដោយបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងចំណោមសមាជិក ដើម្បីលើកកម្ពស់បន្ថែមទៀតនៅក្នុងវិសយ័នេះ។

CAFT ក៏ប្រឹក្សាយោបល់ ហើយផ្តល់នូវព័ត៌មានដែលពាក់ព័ន្ធរបស់សមាជិក ទៅដល់និយតករព្រមទាំងវិស័យឯកជនផងដែរ។ CAFT តស៊ូយ៉ាងមុតមាំថា នឹងផ្តល់នូវវិធានការប្រកបដោយប្រសិទ្ធភាព និងផ្តោតលើអនាគត ដើម្បីធានាបាននូវភាពរុងរឿង នៅក្នុងវិសយ័បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ៕