(ញូវយ៉ក)៖ តម្លៃប្រេងពិភពលោកបានឡើងថ្លៃដល់តម្លៃខ្ពស់ថ្មីមួយដោយសារតម្រូវការខ្លាំង និងការផ្គត់ផ្គង់មានកម្រិត ដែលជំរុញឱ្យមានក្តីបារម្ភអំពីអតិផរណា និងដាក់បន្ទុកលើទីផ្សារភាគហ៊ុនពិភពលោកភាគច្រើន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចសន្យាអនាគតប្រេងឆៅប្រភេទ West Texas Intermediate សម្រាប់ចែកចាយនៅខែវិច្ឆិកា ត្រូវបានជួញដូរក្នុងតម្លៃ ៨០,៥២ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ពោលគឺជាតម្លៃខ្ពស់ជាង ៨០ដុល្លារលើកដំបូងគិតចាប់ពីខែតុលា ឆ្នាំ២០១៤មក ខណៈដែលកិច្ចសន្យាអនាគតប្រេងឆៅប្រភេទ Brent របស់ទីក្រុងឡុងដ៍ បានកើនឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ គឺ ៨៤,៥៩ដុល្លារក្នុងមួយបារ៉ែល។

សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់អង្គការប្រទេសនាំចេញប្រេង OPEC និងប្រទេសផលិតប្រេងធំៗផ្សេងទៀតមិនដំឡើងទិន្នផលប្រេងឆៅ បានដាក់កម្រិតបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងឆៅពិភពលោក។

លោក Craig Erlam អ្នកវិភាគប្រចាំក្រុមហ៊ុន OANDA ប្រាប់ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ក្តីបារម្ភកើតមានយ៉ាងច្បាស់នៅក្នុងទីផ្សារ»។

លោកបន្ថែមថា៖ «វិបត្តិថាមពលគឺជាក្តីបារម្ភដ៏ធំមួយនៅពេលខាងមុខ ខណៈដែលក្តីបារម្ភអតិផរណា និងទិដ្ឋភាពគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹងឡើង គឺស្ថិតក្នុងចំណោមបញ្ហាធំៗដែលបោកបក់ទៅលើសេដ្ឋកិច្ច»។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សន្ទស្សន៍ផ្សារហ៊ុនធំៗទាំងបីនៅតំបន់ហិរញ្ញវត្ថុ Wall Street បានធ្លាក់ចុះដោយសន្ទុះ S&P 500 បានធ្លាក់ចុះ ០,៧ភាគរយ។

ផ្សារហ៊ុននៅអឺរ៉ុបមានភាពចម្រុះ ដោយផ្សារហ៊ុក្រុង Frankfurt មានកម្រិតថេរ ខណៈផ្សារហ៊ុនក្រុងឡុងដ៍ និងផ្សារហ៊ុនក្រុងប៉ារីសបានបញ្ចប់ដោយការធ្លាក់ចុះកាលពីថ្ងៃម្សិលមិញ៕