(ភ្នំពេញ)៖ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំលើកទី១ តាមរយៈប្រព័ន្ធអនឡាញ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹកនាំដោយបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ស.ព. (NCTF) ដែលមានការចូលរួមពីបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព, លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព, លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព. និងតំណាងដៃគូអភិវឌ្ឍន៍។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម WTO-TFA, ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង, អនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ និងទិសដៅអនុវត្តបន្ត។

បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាព ដែល គ.ជ.ស.ព និងលេខាធិការដ្ឋានសម្រេចបាន ជាបន្តបន្ទាប់ ក្នុងរយៈពេលជិត២ ឆ្នាំបន្ទាប់ពី គ.ជ.ស.ព បានបង្កើតទ្បើង ជាពិសេស ការធានាកិច្ចដំណើរការ និងការប្រព្រឹត្តទៅរបស់ គ.ជ.ស.ព និងលេខាធិការដ្ឋាន, ការជូនដំណឹងទៅគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកទាន់ពេលវេលាដែលបានកំណត់ដោយកិច្ចព្រមព្រៀង, បញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងផែនទីចង្អុលផ្លូវ និងការកៀរគរធនធានជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។

អង្គប្រជុំបានសម្រេចដាក់នូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖

១៖ ស្នើដល់សមាជិកគណៈកម្មាធិការ ដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធចាត់ចែងបង្កើតក្រុមការងារជំនាញបច្ចេកទេសនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីសហការជាមួយក្រុមការងារលេខាធិការដ្ឋាន ពិនិត្យលើភាពខ្វះចន្លោះនូវច្បាប់ បទប្បញ្ញត្តិ នីតិវិធី ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់កម្ពុជា អនុលោមតាមកិច្ចព្រមព្រៀង WTO-TFA ដើម្បីលើកគម្រោង ឬផែនការសកម្មភាពអនុវត្តបំពេញបន្ថែមសំដៅឱ្យការអនុវត្ត WTO-TFA របស់កម្ពុជាមានអនុលោមភាពពេញលេញ។

២៖ ស្នើសុំស្ថាប័នពាក់ព័ន្ធជំរុញអនុវត្តបញ្ញត្តិនៃកិច្ចព្រមព្រៀង WTO-TFA ដែលស្ថិតក្នុងប្រភេទ A និងប្រភេទ B

៣៖ ស្នើដៃគូអភិវឌ្ឍន៍ពិនិត្យលទ្ធភាពបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុឱ្យចំគោលដៅ ជាពិសេសលើបញ្ញតិ្តដែលកម្ពុជាបានកំណត់ថាជាប្រភេទ C ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ

៤៖ ជំរុញលើកទឹកចិត្តក្រសួង/ស្ថាប័នដែលយឺតយ៉ាវក្នុងការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ រួសរាន់ចូលរួមអនុវត្តប្រព័ន្ធនេះ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ហើយក៏ជាកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខណ្ឌសមាជិកអាស៊ាន និង ក្របខណ្ឌកិច្ចព្រមព្រៀង WTO-TFA

៥៖ ស្នើសុំក្រសួង/ស្ថាប័ន និងសភាពាណិជ្ជកម្មកម្ពុជា ចូលរួមរៀបចំកសាងផែនការសកម្មភាពគ្របដណ្តប់រាល់២ឆ្នាំម្តង ដើម្បីអនុវត្តឯកសារផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ដែលអង្គប្រជុំបានអនុម័ត

៦៖ ជម្រុញរៀបចំដាក់ឱ្យដំណើរការគេហទំព័រ គ.ជ.ស.ព សម្រាប់ផ្សព្វផ្សាយព័ត៌មានវឌ្ឍនភាពការងារពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា

៧៖ ចងក្រងនិងបោះពុម្ភផ្សាយកម្រងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងចែកជូនសមាជិក ក្រសួង/ស្ថាប័ន និងវិស័យឯកជន

៨៖ ស្នើបណ្ឌិត គុណ ញឹម អនុប្រធានអចិន្រ្តៃយ៍ នៃ គ.ជ.ស.ព និងជាប្រធានលេខាធិការដ្ឋាន បន្តដឹកនាំការងារសម្របសម្រួលជាមួយក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនលើការងារកិច្ចសម្រួលពាណិជ្ជកម្ម រួមជាមួយការងារចាំបាច់មួយចំនួនទៀត ដែលគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង WTO-TFA នេះ

៩៖ ស្នើលេខាធិការដ្ឋានរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានលើកឡើងថា ការបន្តចូលរួមផ្តល់យោបល់ និងចូលរួមអនុវត្ត យ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង- ស្ថាប័នជំនាញ ពាក់ព័ន្ធ និងវិស័យឯកជន គឺជាមូលដ្ឋានសំខាន់ ដើម្បីឈានទៅដល់ការអនុវត្តតាមបញ្ញតិ្តនានានៃកិច្ចព្រមព្រៀង WTO-TFA បានពេញលេញនាពេលខាងមុខឆាប់ៗ ដែលជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាស វិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕