(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃពីសុទិដ្ឋិនិយមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលនឹងជួយសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩។

ការលើកឡើងរបស់ IMF ធ្វើឡើងក្នុងឱកាសដែលលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

លោក Yasuhisa Ojima បានថ្លែងអំណរគុណដល់លោកទេសាភិបាល ដែលបានគាំទ្រ និងសម្រួលដល់ការបំពេញបេសកកម្មរបស់ IMF ដើម្បីតាមដាន និងវាយតម្លៃស្ថានម៉ាក្រូសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០២១ ដោយក្រុមបេសកកម្មមាត្រទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានប្រព្រឹត្តិទៅកាលពីដើមខែកញ្ញា ដោយជោគជ័យ។

ក្នុងនោះ IMF បានបង្ហាញលទ្ធផលនៃការវាយតម្លៃថា «នឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពោះវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញក្នុងការ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩»

លោក Yasuhisa Ojima បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ និងថ្លែងការកោតសរសើរពី សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។

ក្នុងនាមមូលនិធិរូបិយវត្ថុអន្តរជាតិ លោកបានបង្ហាញពីការគាំទ្រចំពោះធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗនានា របស់ធនាគារជាតិនៃកម្ពុជាបន្ថែមទៀត។

លោក ជា ចាន់តូ ទេសាភិបាលបានថ្លែងអំណរគុណ ដល់ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV និងបានថ្លែងអំណរគុណដល់ IMF ដែលបានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងការអនុវត្តវិធានការនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩។
លោកបានវាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់ការិយាល័យតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានដើរតួនាទីសំខាន់ ក្នុងការសម្របសម្រួល ដល់ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិកជាដើម។

សូមជម្រាបថា IMF បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ថា នឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% គាំទ្រដោយនិន្នាការល្អ ជាងការរំពឹងទុក នៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំ នៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ៥% ដោយសារការរំពឹងទុក ការបន្តងើបឡើងនៃតម្រូវការសកល, ការបន្តសក្តានុពលកំណើន នៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស «ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»