(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងមានច្បាប់ «ការពារប្រាក់បញ្ញើ» ដើម្បីជួយការពារដល់អ្នកផ្ញើប្រាក់បញ្ញើទាំងឡាយ នៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខណៈនាពេលបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងរៀបចំសេចក្តីព្រាងច្បាប់នេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចពិភាក្សាស្ដីពី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «អត្ថប្រយោជន៍នៃការសន្សំប្រាក់ និងការបែងចែកប្រាក់សន្សំ»

លោក ម៉ែន ភក្ដី បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារជាតិនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ បានរៀបចំសេចក្តីព្រាងច្បាប់ ការពារប្រាក់បញ្ញើ [...] នៅថ្ងៃអនាគត នឹងមានច្បាប់ការពារអ្នកផ្ញើប្រាក់»

បើតាមមន្ត្រីធនាគារជាតិនៃកម្ពុជារូបនេះ បានអះអាងថាច្បាប់ «ការពារប្រាក់បញ្ញើ» នេះ គឺជួយការពារដល់អ្នកផ្ញើប្រាក់បញ្ញើទាំងឡាយ ដែលបានផ្ញើប្រាក់ នៅក្នុងគ្រឹះស្ថានធនាគារ ដែលអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា។

ចំពោះពេលវេលាជាក់លាក់ណាមួយ ដែលអាចដឹងថា ច្បាប់ «ការពារប្រាក់បញ្ញើ» នេះនឹងត្រូវដាក់ឲ្យដំណើរការនាពេលណានោះ លោក ម៉ែន ភក្ដី មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ទាន់តែមានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា ជាមុនសិន។

បណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្ដិការ របស់ធនាគារ អេស៊ីលីដា ភិអិលស៊ី បានគូសបញ្ជាក់ថា ច្បាប់ «ការពារប្រាក់បញ្ញើ» នេះ គឺមានអត្ថប្រយោជន៍ច្រើន និងលើកទឹកចិត្ដឲ្យមានអ្នកប្រើប្រាស់ក្នុងវិស័យធនាគារ បានកាន់តែច្រើនបន្ថែមទៀត។

ថ្លែងប្រាក់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់នេះ មានអត្ថប្រយោជន៍ខ្លាំងមែនទែន ក្នុងការបង្កើនទំនុកចិត្ដបន្ថែមទៀត លើវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ឲ្យមានការប្រើប្រាស់ធនាគារ ឲ្យបានកាន់តែច្រើន»

ប្រធានសមាគមធនាគារនៅកម្ពុជាបានបន្ថែមទៀតថា ច្បាប់ «ការពារប្រាក់បញ្ញើ» នេះ គឺលើកទឹកចិត្ដឲ្យមានអ្នកប្រើប្រាស់ធនាគារ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្នុងដំណាក់កាលនេះ សមរម្យហើយដែលកម្ពុជាគប្បីមានច្បាប់នេះ។

បណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា ក្នុងប្រទេសជឿនលឿន គឺមានសេវាធានាប្រាក់បញ្ញើ ដើម្បីបង្កើនភាពទំនុកចិត្ដដល់អ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់សេវាធនាគារ ដោយមិនមានការព្រួយបារម្ភ ភ័យខ្លាចនឹងការបាត់បង់៕