(ហាណូយ)៖ ការបិទខ្ទប់ដ៏តឹងរ៉ឹង និងរយៈពេលយូរដោយសារជំងឺកូវីដរបស់ប្រទេសវៀតណាម បានបង្កឱ្យមានកង្វះផលិតផលសម្រាប់ក្រុមហ៊ុនម៉ាកយីហោល្បីៗ ក្នុងពិភពលោកដូចជា Nike និង Gap ជាដើម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

ការកកស្ទះនៅរោងចក្រជាច្រើននៅវៀតណាម គឺជាផ្នែកមួយនៃវិបត្តិដ៏ធំនៅជុំវិញពិភពលោក ដែលបង្កឱ្យមានការកើនឡើងអតិផរណា និងបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសន្ទុះនៃការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅរោងចក្រក្រណាត់មួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុងហាណូយ អ្នកស្រី Claudia Anselmi នាយករោងចក្រ Hung Yen Knitting & Dyeing ដែលផ្គត់ផ្គង់ឱ្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗរបស់អឺរ៉ុប និងអាមេរិកមួយចំនួន មានក្តីបារម្ភដោយមិនដឹងថា រោងចក្ររបស់អ្នកស្រីអាចបន្តដំណើរការទៅមុខទៀតឬយ៉ាងណា។

ទិន្នផលរោងចក្ររបស់រោងចក្ររបស់អ្នកស្រីបានធ្លាក់ចុះ ៥០ភាគរយនៅពេលវីរុសនេះវាយលុកលើប្រទេសនេះកាលពីរដូវផ្ការីក (ខែមីនា ដល់ខែមិថុនា) ហើយរោងចក្ររបស់អ្នកស្រីប្រឈមនឹងបញ្ហាកង្វះខ្សែអំបោះសម្រាប់ផលិកម្មរបស់ខ្លួន។

អ្នកស្រីថ្លែងប្រាប់ AFP ឥឡូវ «ការរឹតបន្តឹងការធ្វើដំណើរបានប៉ះពាល់ដល់ឡូជីស្ទិកទាំងចេញនិងចូល។ កត្តានេះអាចបង្កឱ្យមានការពន្យាពេលកាន់តែយូរ។ យើងរស់បានបើយើងមានអីវ៉ាន់ក្នុងស្តុក»។

បើទោះជាការបិទខ្ទប់កំពុងបន្ធូរបន្ថយសន្សឹមៗនៅទូទាំងប្រទេស ខណៈដែលមានការធ្លាក់ចុះក៏ដោយ ក៏ពលរដ្ឋវៀតណាមរាប់លាននាក់ ស្ថិតក្រោមបញ្ជាឱ្យនៅតែក្នុងផ្ទះរយៈពេលរាប់ខែ។

ការរឹតបន្តឹងការធ្វើដំណើរធ្វើឱ្យអ្នកបើកបរ និងក្រុមហ៊ុនពិបាកដឹកជញ្ជូនទំនិញនៅទូទាំងប្រទេស និងចេញចូលក្នុងប្រទេស។

លោក Hamza Harti នាយកគ្រប់គ្រងនៅក្រុមហ៊ុនដឹកជញ្ជូន FM Logistic Vietnam បានប្រាប់ AFP ថា អ្នកបើកបរមួយចំនួននៅតំបន់ដែនដីសណ្តទន្លេមេគង្គបានបង្ខំចិត្តរង់ចាំបីថ្ងៃបីយប់ នៅក្នុងរថយន្តរបស់ពួកគេដើម្បីដឹកទំនិញចូលទៅកាន់ទីក្រុងកាន់ថូ។

ការពន្យាពេល និងការរឹតបន្តឹងគឺជាបញ្ហាឈឺក្បាលដ៏ធំមួយសម្រាប់ក្រុមហ៊ុនបរទេស ដែលភាគច្រើនក្នុងចំណោមក្រុមហ៊ុនទាំងនោះបានចាកចេញពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍កាលពីប៉ុន្មានឆ្នាំមុនដើម្បីគេចចេញពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ក្រុមហ៊ុន Nike ដែលកាលពីសប្តាហ៍មុនបានឱ្យដឹងថា ក្រុមហ៊ុនកំពុងជួបប្រទះកង្វះសម្លៀកបំពាក់កីឡា និងកាត់បន្ថយការព្យាករលក់ បានលើកឡើងពីប្រទេសវៀតណាម ក្នុងចំណោមប្រទេសផ្សេងទៀត ដោយបានឱ្យដឹងថា ៨០% នៃរោងចក្ររបស់ខ្លួននៅភាគខាងត្បូងវៀតណាម និងជិតពាក់កណ្តាលនៃរោងចក្រផលិតសម្លៀកបំពាក់របស់ខ្លួននៅក្នុងប្រទេសនេះបានបិទទ្វារ។

ក្រុមហ៊ុន Fast retailing របស់ជប៉ុន ដែលគ្រប់គ្រងម៉ាកយីហោ Uniqlo ដ៏មានប្រជាប្រិយភាព ក៏បានបន្ទោសដល់ស្ថានភាពក្នុងប្រទេសវៀតណាមផងដែរ ចំពោះការពន្យាពេលផលិតផកអាវយឺត និងផលិតផលផ្សេងទៀត ខណៈក្រុមហ៊ុន Adidas បានឱ្យដឹងថា បញ្ហាចង្វាក់ផ្គត់ផ្គង់ រួមទាំងនៅក្នុងប្រទេសវៀតនាម អាចបង្កឱ្យក្រុមហ៊ុនខាងបង់រហូតដល់ ៥៨៥លានដុល្លារពីការលលក់នៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP៕