(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) បានឱ្យដឹងថា ស្ថានភាពវិស័យអចលនទ្រព្យនៅឆ្នាំ២០២១ នៅតែបន្តរងគ្រោះដោយសារវិបត្តិកូវីដ១៩ ដែលលោកកត់សម្គាល់ថា ចរន្តទិញលក់អចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១នេះ មានតិចតួចប៉ុណ្ណោះ ហាក់មិនខុសគ្នាប៉ុន្មាន កាលពីឆ្នាំ២០២០ឡើយ ដោយសារតែមនុស្សចំនួនកាត់បន្ថយការធ្វើដំណើរ ការបាត់ចំណូល ខណៈដែលអ្នកវិនិយោគិនបរទេស នៅទាន់ត្រឡប់មកកម្ពុជា។

លោកបន្ថែមថា «ចរន្តនៃការទិញលក់នៅក្នុងស្រុក គឺដំណើរល្អ ប៉ុន្តែលក្ខណៈអន្តរជាតិមិនទាន់មានសញ្ញាណល្អនៅឡើយទេ ដោយសារមិនទាន់មាន សុវត្ថិភាព ឬតំបន់គាត់មិនទាន់មានសុវត្ថិភាព។ និយាយជារួមទៅ នៅពេលដែលចេញយន្តការមានថ្នាំព្យាបាល ឬមួយក៏ការចាក់វ៉ាក់សាំងពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ប្រទេសដែលគាត់ធ្វើដំណើរមកកម្ពុជាបានច្រើន នៅពេលដែលមានការធ្វើដំណើរច្រើន ដូច្នេះចរន្តនៃការទិញលក់នឹងបន្តកើតមានឡើង»

លោកបន្តថា ក្នុងឆ្នាំ២០២១នេះ ការទិញលក់ភាគច្រើន គឺទៅលើដី និងលំនៅដ្ឋាន។ ជាមួយគ្នានេះ លោករំពឹងថា នៅចុងឆ្នាំ២០២២ ស្ថានភាព វិស័យអចលនទ្រព្យនៅកម្ពុជា នឹងវិលត្រឡប់មកល្អប្រសើរឡើងវិញ នៅពេលដែលការចាក់វ៉ាក់សាំង នៅក្នុងពិភពលោកបានកាន់តែច្រើន។

ដោយឡែកការទីផ្សារទិញលក់ខុនដូរវិញ លោកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យបានឱ្យ Fresh News ដឹងថា ការទិញលក់ខុនដូរ ក្នុងឆ្នាំ២០២១នេះ បានធ្លាក់ចុះស្ទើតែលើសពី៥០% ដែលមកទល់នឹងចុងឆ្នាំនេះ មិនទាន់បង្ហាញសញ្ញាកើនឡើងវិញនៅឡើយទេ។

លោកស្រីបន្តថា បើធៀបនឹងទីផ្សារបុរី ទីផ្សារខុនដូរទាមទារ រយៈពេលយូរបន្តិច ទើបវិលមករកភាពល្អប្រសើរវិញ។ ទោះជាយ៉ាងណា លោកស្រីរំពឹងថា ទីផ្សារខុនដូរនឹងវិលមកល្អប្រសើរវិញនៅ ចុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

ចំណែកការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យវិញ លោកស្រីបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំនេះ ការវិនិយោគពីក្រៅប្រទេស ក្នុងវិស័យអចលនទ្រព្យបានថយចុះយ៉ាងខ្លាំង ខណៈការវិនិយោគភាគច្រើន គឺពឹងផ្អែកទៅលើអ្នកវិនិយោគក្នុងស្រុក។

ទោះជាយ៉ាងនេះក្តីលោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនបរទេសមួយដូចជា Property Majnagment Ation និងក្រុមហ៊ុនចិនមួយចំនួនទៀត ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ បានមកស្វែងរកឱកាសវិនិយោគអចលនទ្រព្យនៅកម្ពុជា ដោយសារពួកគេសម្លឹងឃើញពីសក្តានុពលរបស់កម្ពុជា នាពេលអនាគត បើទោះជាពេលនេះវិស័យអចលនទ្រព្យនៅកម្ពុជាមិនល្អប្រសើរក៏ដោយ៕