(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៥ទៀត សរុបទុនវិនិយោគប្រមាណ៧០លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ MOUNTAIN FOREST PRODUCT CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែង ពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគ ប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៥កន្លែង។

២៖ KINGMALL INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១២០កន្លែង។

៣៖ HGB MOTORS ASSEMBLY CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៥កន្លែង។

៤៖ CAMBODIAN BIRCHEVER FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៧.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៩០កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) របស់ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង៕