(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានរំពឹងដូចគ្នាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងត្រូវចុះហត្ថលេខានៅដើមខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដែលនឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

ក្តីរំពឹងខាងលើបានបង្ហាញឡើង នៅក្នុងជំនួបទ្វេភាគីរវាងលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នាឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់ប្រមុខការទូតកម្ពុជា នៅប្រទេសនេះ។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋមន្រ្តីទាំងពីរក៏មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩»

រដ្ឋមន្រ្តីទាំងពីរក៏មានការពេញចិត្ត ដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។

សូមជម្រាបថា CKFTA ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

បន្ទាប់ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅពាក់កណ្តាល ឆ្នាំ២០២១។

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក៕