(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអចលនទ្រព្យ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យជួបបញ្ហាប្រឈមមួយចំនួន ប៉ុន្ដែមិនឈានដល់ដំណាកាលនៃការជាប់គាំងនោះឡើយ។

ជាក់ស្ដែងសម្រាប់លំនៅដ្ឋានដែលមានតម្លៃទាប និងមធ្យម ចរន្ដនៃការលក់មានស្ថានភាពល្អប្រសើរនៅឡើយ គ្រាន់តែមានការយឺតយ៉ាវ ក្នុងការបង់ប្រាក់សងត្រឡប់ប៉ុណ្ណោះ។

បណ្ឌិត គីម ហ៊ាង បានលើឡើងយ៉ាងដូច្នេះថា «ជាការពិតក្នុងស្ថានភាពជាក់ស្ដែង វិស័យអចលនទ្រព្យ កំពុងស្ថិតក្នុងស្ថានភាពមួយលំបាក លំបាកក្នុងកម្រិតមួយថា ការរកស៊ីលើវិស័យអចលនទ្រព្យនេះជាមួយជនជាតិបរទេស គឺមិនបានដំណើរការទៅមុខនោះឡើយ និយាយឲ្យចំ គឺជាប់គាំង។ ជាក់ស្ដែងសម្រាប់ខុនដូ ដែលសាងសង់សម្រាប់លក់ជូនជនបរទេស គឺមិនដំណើរការនោះឡើយ គឺជាប់គាំងឈឹង ដោយឡែកសម្រាប់គម្រោងសាងសង់លក់ជូនប្រជាពលរដ្ឋខែ្មរ គឺទទួលរងផលប៉ះពាល់ច្រើន ប៉ុន្ដែការជាប់គាំងឈឹង ឬមិនជាប់គាំងអាស្រ័យលើគម្រោងដែលលក់»

លោកបណ្ឌិតបញ្ជាក់ថា សម្រាប់ការលក់លំនៅដ្ឋានមានតម្លៃទាប និងមធ្យម ការលក់នៅតែបាន ទោះជាមិនសូវល្អប៉ុន្មាន នៅតែលក់បាន គ្រាន់តែពិបាកក្នុងការបង់សងត្រឡប់របស់អតិថិជន ដោយសារតែពួកគាត់មានជួបបញ្ហាប្រឈម ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ការលក់លំនៅដ្ឋានតម្លៃទាប និងមធ្យម នៅតែល្អប្រសើរជាងខុនដូ ដោយសារវាមិនជាប់គាំងដូចខុនដូរនោះឡើយ គ្រាន់តែថាថយចុះកំណើនលក់ មានន័យថា ពីមុនអាចលក់បានរហូតដល់១០លំនៅដ្ឋាន ប៉ុន្ដែពេលនេះអាចលក់បានចន្លោះ៣-៥លំនៅដ្ឋានប៉ុណ្ណោះ។

បណ្ឌិត គីម ហ៊ាង បានបន្ថែមថា «មូលហេតុនៃការលក់លំនៅដ្ឋានតម្លៃទាប និងមធ្យមនៅតែដំណើរការល្អប្រសើរ ដោយសារតែទោះស្ថិតក្នុងស្ថានភាពបែបណា ក៏តម្រូវការនៃលំនៅដ្ឋាននៅតែមាន ដូច្នេះទើបធ្វើឲ្យលំនៅដ្ឋានតម្លៃនេះ រក្សាបាននូវការលក់»

លោកបញ្ជាក់ថា ដោយឡែកសម្រាប់លំនៅដ្ឋានតម្លៃថ្លៃ ងាយស្រួលលក់ជាងលំនៅដ្ឋានមានតម្លៃទាប និងមធ្យម ឲ្យតែមានតម្រូវការគឺលក់បានតែម្ដង ដោយសារតែអតិថិជនជាអ្នកមានថវិកាស្រាប់ ដូច្នេះប្រសិនបើពួកគាត់មានតម្រូវការ គឺមើលលំនៅដ្ឋានភ្លាម ពេញចិត្តភ្លាម ទិញភ្លាមៗតែម្ដង។

លោក ប៊ុន ជេស អ្នកអភិឌ្ឍន៍គម្រោង មេគង្គថោវ័រ បានថ្លែងបញ្ជាក់ដែរថា «ក្នុងអំឡុងពេលនេះ និយាយចំពោះគម្រោងលំនៅដ្ឋាន របស់ខ្ញុំផ្ទាល់លំនៅដ្ឋានមានតម្លៃទាប និងមធ្យម នៅរក្សាស្ថានភាពលក់បានល្អ ចំណែកឯផ្ទះមានតម្លៃខ្ពស់ការលក់ធ្លាក់ចុះច្រើន។ សម្រាប់លំនៅដ្ឋានមានតម្លៃទាប ដែលមានតម្លៃចន្លោះ៣-៦ម៉ឺនដុល្លារ ការលក់ធ្លាក់ចុះ៣០ភាគរយ, លំនៅដ្ឋានតម្លៃមធ្យមតម្លៃចន្លោះ៧-១៥ម៉ឺនដុល្លារ ការលក់ធ្លាក់ចុះ៥០ភាគរយ ចំណែកផ្ទះមានតម្លៃខ្ពស់តម្លៃចន្លោះពី១៦-៣៥ម៉ឺនការលក់ធ្លាក់ចុះរហូតដល់៧០ភាគរយ»