(ភ្នំពេញ)៖ កម្ពុជានាំចេញផ្លែម្ទេសស្រស់ នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានចំនួនជាង៦ម៉ឺនតោន កើនឡើងជិត៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២០។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្ទេសស្រស់ទៅកាន់ក្រៅប្រទេស បានចំនួន ៦៦,២២៧.១២តោន កើនឡើងចំនួន៤៦% ក្នុងនោះនាំចេញទៅប្រទេសថៃរហូតដល់ ៦៦,២២៧.១២តោន។

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា បើគិតត្រឹម៧ខែឆ្នាំ២០២១នេះ សម្រាប់ការនាំចេញម្ទេស ដែលបានឆ្លងកាត់ច្រកខេត្តបាត់ដំបងមានចំនួន៤ម៉ឺនតោន កើនឡើងជាង១០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

លោកបញ្ជាក់ទៀតថា សម្រាប់តម្លៃវិញឃើញថា មានភាពល្អប្រសើរជាងឆ្នាំមុនបន្តិចបន្តួច ស្របពេលមានទីផ្សារ និងតម្រូវការច្រើន ខណៈបរិមាណឆ្នាំនេះ មានការកើនឡើងច្រើនជាងឆ្នាំមុន ហើយសម្រាប់ទិន្នផលវិញ គឺបាននាំមកពីបណ្ដាលខេត្តដូចជា កំពង់ចាម, កំពង់ធំ, កណ្ដាល, និងខេត្តផ្សេងៗទៀត ដែលឆ្លងកាត់ខេត្តបាត់ដំបង ដើម្បីនាំចេញបន្តទៅកាន់ប្រទេសថៃ។

លោកបានបន្ថែមថា ចំពោះផ្ទៃដីដាំដុះម្ទេសនៅក្នុងខេត្តបាត់ដំបង មានចំនួនប្រមាណជាង ៧០០ហិចតា។ លោកបន្តថា ចំពោះការនាំចេញម្ទេសឆ្នាំនេះ គឺមិនមានបញ្ហាប្រឈមនោះទេ ហើយលោកសង្ឃឹមថា ប្រសិនបើបន្តការនាំចេញបានច្រើនបែបនេះ កសិករដែលប្រកបរបបដាំដំណាំម្ទេសនេះ ពិតជាមានការសប្បាយរីករាយ ក្នុងការដាំដុះដំណាំនេះបន្តទៀតផងដែរ។

របាយការណ៍រ បស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅ៧ខែឆ្នាំ២០២១នេះ កម្ពុជាក៏បាននាំចេញម្ទេសក្រៀមបានចំនួន ១,៣២០.២២តោន កើនឡើង ១០.០២% និងបាននាំចេញទៅប្រទេសថៃចំនួន ១,៣២០តោន, ប្រទេសប៊ែលហ្ស៊ិកចំនួន ០.២១តោន និងប្រទេសកាណាដាចំនួន ០.០១តោន៕