(ភ្នំពេញ)៖ ទោះបីជាប្រទេសកម្ពុជា និងប្រទេសចិន បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ សម្រេចបានជិត៥,០០០លានដុល្លារ កើនឡើង៣១% ក្នុងរយៈពេលខែ៦ ដើមឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ របស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

បើតាមលោក សុខ សុភ័ក្ដ្រ បានគូសបញ្ជាក់ថា បើគិតលើទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា-ចិន សម្រាប់រយៈពេល៦ខែ នៃឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំងពីរ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិកូវីដ១៩ ក៏ដោយ ក៏កំណើនពាណិជ្ជកម្ម នៅតែមានការកើនទ្បើង។

លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់យ៉ាងដូច្នេះថា «ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន ៦ខែ ឆ្នាំ២០២១នេះ មានការកើនទ្បើង ចំនួន៣១% គឺបានក្នុងតម្លៃជិត ៥,០០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣,៧០០លានដុល្លារអាមេរិកតែប៉ុណ្ណោះ»

បើតាមមន្ដ្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើន ជាមធ្យមប្រមាណពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ច នៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមក យ៉ាងល្អ។

គូសបញ្ជាក់ថា ជាទូទៅកម្ពុជា បាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។

ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើ ឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុង ជាដើម។

លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់យ៉ាងដូចេ្នះថា ដោយមើលឃើញសក្តានុពល ដ៏ធំផ្នែកពាណិជ្ជកម្ម រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានដាក់ទិសដៅពាណិជ្ជកម្មសរុប ក្នុងឆ្នាំ២០២៣ ធ្វើយ៉ាងណាសម្រេចឲ្យបាន ១០,០០០លានដុល្លារអាមេរិក។

បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា-ចិន មានការកើនឡើង គួរឲ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើន នៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។

ចំពោះពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនវិញ គឺតែងតែសម្រេចបាន លើសផែនការដែលកំណត់ ដោយប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៧, ពាណិជ្ជកម្មសរុបមានកំណើន១៦% ស្មើនឹង ៥ ៨០០ លានដុល្លារអាមេរិក គឺលើសទិសដៅកំណត់។ ក្នុងឆ្នាំ២០២០ ដោយសារប្រទេសទាំងពីរ រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ កំណើនបានថយចុះ៥% ក៏ប៉ុន្តែពាណិជ្ជកម្មសរុបទ្វេភាគី នៅតែមានទំហំធំ គឺមានជាង ៨ ០០០ លានដុល្លារអាមេរិក៕