(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានចំនួន៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារ គយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលបណ្ដាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

កិច្ចប្រជុំបូកសរុបការងារ គយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួន នៅទូទាំងប្រទេស នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អគរ មានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៨% នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប។

បើពិនិត្យមើលតួលេខ នៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩%,

* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផល ឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩%។ កំណើនល្អប្រសើរ នៃការនាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរបានឆ្លុះបញ្ចាំង ពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម វិស័យឧស្សាហកម្មនៅកម្ពុជា។

* ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លានដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖
ទី១៖ ស្រូវនាំចេញមានចំនួន ១.៦៩ លានតោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%),
ទី២៖ ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១.២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២.៩%),
ទី៣៖ កៅស៊ូនាំចេញមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%)
ទី៤៖ និងកសិផលផ្សេងទៀត មានចំនួន ៣,៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)។

ទន្ទឹមនឹងការងារប្រមូលចំណូលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបានលទ្ធផលល្អ លើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែងក្នុងផែនការ សកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖

(១)៖ ការអនុវត្តនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់ និងស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩,
(២)៖ ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព
(៣)៖ ការបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារគយ,
(៤)៖ ការចូលរួមសកម្មភាពសង្គមនានា និងអនុវត្តវិធានការសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទ ដែលប្រទេសកម្ពុជា ក៏ដូចជាសាកល-លោកទាំងមូលកំពុងជួបប្រទះនឹងរោគរាតត្បាតកូវីដ-១៩ លោករដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖

(១)៖ ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយ និងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់
(២)៖ ការលើកកម្ពស់អនុលោមភាពវិស័យឯកជន
(៣)៖ ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន
(៤)៖ ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ
(៥)៖ ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ
(៦)៖ ការពង្រឹងការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
និង(៧)៖ ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឲ្យអស់សក្តានុ-ពល បញ្ញាស្មារតី ដើម្បីប្រមូលចំណូលឲ្យបានគ្រប់និងលើសផែនការ ហើយទន្ទឹមនឹងនោះ ត្រូវរក្សាបាននូវនិរន្តរភាពការងារ និង ប្រកាន់នូវវិធានការអនាម័យបទាំងក្នុងការងារនិងការរស់នៅ ដើម្បីធានាបានសុវត្ថិភាព ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារ ។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ អគរ ឲ្យបន្តចូលរួមក្នុងការងារសង្គមក្នុងគ្រាដ៏លំបាកនេះ តាមរយៈការបន្តអនុវត្តយុទ្ធនាការមនុស្សធម៌ ចុះជួយសម្រួលការលំបាករបស់ជនងាយរងគ្រោះ ដូចជា កុមារកំព្រា និងក្រុមជនទីទាល់ក្រ ជាដើម៕