(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (FTA) នឹងអាចចូលជាធរមាន នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្រោយពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឡើង ការពារសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន ជាមួយគណៈកម្មការជំនាញរដ្ឋសភា កាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម ជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងអាចចូលជាធរមាន នៅដើមឆ្នាំ២០២២។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើកម្ពុជា អាចរៀបចំនីតិវិធីផ្ទៃក្នុង ឲ្យបានចប់សព្វគ្រប់មុនខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងអាចចូលជាធរមាន នៅដើមឆ្នាំ២០២២»

លើសពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងត្រូវដាក់ឲ្យត្រួតពិនិត្យ និងវាយតម្លៃ ក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈអចិន្ត្រៃយ៍រដ្ឋសភា ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ប៉ែន សុវិជាតិ បានអះអាងទៀតថា កម្ពុជា នឹងទទួលអត្ថប្រយោជន៍បន្ថែមទៀត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន លើអ្វីដែលកម្ពុជា កំពុងទទួលបានពីភាគីចិន ក្នុងការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការនាំចេញរបស់កម្ពុជា។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ចូលជាធរមាន កម្ពុជាអាចនាំចេញទំនិញជាង៣០០មុខ ទៅប្រទេសចិន ដោយមិនចាំបាច់បង់ពន្ធនោះទេ។

បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសឡើងការពារ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាមួយគណៈកម្មការជំនាញរដ្ឋសភា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ អត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានរួមមាន៖

១៖ ការទទួលបានការបើកទីផ្សារឲ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

២៖ ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជា អាចពង្រឹងខ្លួនឯងឲ្យរឹងមាំ ក្នុងវិស័យសេវាកម្មនាពេលអនាគត។

៣៖ ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឲ្យកាន់តែសម្បូរបែប ទៅកាន់ទីផ្សារចិន។

៤៖ ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹង ដល់វិស័យផលិតកម្មក្នុងស្រុក។

៥៖ ការកំណត់ឲ្យកាន់តែច្បាស់ នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយ និងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

៦៖ ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

ជាក់ស្ដែង រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុប ចំនួនជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេង ជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម -ល-៕