(ភ្នំពេញ)៖ ឱកាសការងារនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ សម្រាប់សិស្ស/និស្សិត យុវជន និងសារណៈជនទូទៅ ជាពិសេសអ្នកកំពុងស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន៣០០បញ្ជរ អាចរើសមុខតំណែងដែលលោកអ្នកពេញចិត្តសម្រាប់ឱកាសការងារជាង២ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុនល្បីៗ ទទួលបានការណែនាំអំពីអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។

មិនតែប៉ុណ្ណោះ និងទទួលបានគំនិត ចំណេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ របស់ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៨៖០០ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលរួមបញ្ចូលគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិ នឹងយុទ្ធនាការផលិតភាពជាតិ ដែលរៀបចំឡើងដើម្បីចូលរួមចំណែក ក្នុងការអនុវត្តប្រកបដោយភាពជោគជ័យនូវគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។

ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថាជាកន្លែងជួបជុំដោយងាយស្រួលរវាងនយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹងអំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ» នៃក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ «សហភាពសហព័ន្ធយុវជនកម្ពុជា» និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏មានការចូលរួមឧបត្ថម្ភដោយធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince finance PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken, ក្រុមហ៊ុន Prince Group, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និងមានកិច្ចសហការពីបណ្តាលក្រុមហ៊ុន សហគ្រាសជាច្រើនបន្ថែមទៀត។

ដូច្នេះសម្រាប់ម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាសមានបំណង់ចង់ចូលរួមជាវបញ្ជរដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផល ក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 871 807/017 467 423/017 467 423 ឬលោកអ្នកអាចចូលទៅកាន់វេបសាយរបស់NEA តាមរយៈ www.event.nea.gov.kh៕

http://image.freshnewsasia.com/2018/118/fn-2018-09-20-12-41-32-0.JPG http://image.freshnewsasia.com/2018/118/fn-2018-09-20-12-41-36-1.JPG