(ព្រះវិហារ)៖ ដើម្បីការពារសុវត្ថិភាព គុណភាពម្ហូបអាហារ ក៏ដូចជា សុខមាលភាពប្រជាពលរដ្ឋនោះ ​មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញនានា ដែលនាំចូលពីប្រទេសថៃ និងបានដាក់លក់នៅតាមស្តង់នានា ក្នុងឱកាសតាំងពិពណ៍ពាណិជ្ជកម្មថៃ ក្នុងខេត្តព្រះវិហារ ដើម្បីធានាថា ទំនិញទាំងនេះមានគុណភាពល្អ មិនប៉ះពាល់សុខភាព ជាពិសេសទៅលើគ្រឿងឧបភោគ បរិ​ភោគ​។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា សាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីរួមមាន មន្ត្រីសាលាខេត្តព្រះវិហារ មន្ត្រីសាលាក្រុងព្រះវិហារ បានចុះត្រួតពិនិត្យទំនិញដែលដាក់​តាំងលក់ខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំចូលមកពីប្រទេសថៃ យកមកលក់ក្នុងពិធីតាំងពិពណ៍ពាណិជ្ជកម្មថៃ រយៈពេលមួយសប្តាហ៍ នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ដួង មុនី បានបញ្ជាក់បន្ថែមទៀតថា ទំនិញដែលអាជីវកថៃ នាំចូលយកមកតាំងលក់ក្នុងពិពណ៍ពាណិជ្ជកម្ម នៅក្នុងខេត្តព្រះវិហារនេះ គឺត្រួតពិនិត្យឃើញថា ពុំមានទំនិញណាមួយខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានណែនាំឱ្យពាណិជ្ជករថៃ ត្រូវធ្វើការនាំចូលទំនិញណាដែលមានគុណភាព ទំនិញណាដែលមានការវេចខ្ចប់ត្រឹមត្រូវ មានថ្ងៃ ខែផលិតច្បាស់លាស់ បើមិនដូច្នេះទេពេលដែលមន្ត្រីពិនិត្យឃើញថាពុំមានគុណភាព មិនអនុញ្ញាតឱ្យលក់ដូរតទៅទៀតទេ។

លោក ដួង មុនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារ​ណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយ ជាពិសេសគ្រឿងបរិភោគដែលគេវេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ពភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយអស់លុយហើយ ទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគដែលវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព៕