(បរទេស)៖ ពិតជាគួរឲ្យរន្ធត់ សោកសង្រែងជាពន់ពេក នៅពេលមហាជនបានទស្សនាវីដេអូមួយមានរយៈពេលប្រមាណ១នាទី ដោយមានបុរសពីរនាក់ បានឆក់ចរន្តអគ្គិសនីស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីទឹកភ្លៀងជន់លិចនៅពេញផ្លូវ រហូតមានសាច់ញាតិមកជួយសង្រ្គោះ ប៉ុន្តែនៅតែមិនអាចជួយបានទាន់ពេលវេលា។

តាមរយៈសកម្មភាពដែលបានឃើញនៅវីដេអូនេះ គេឃើញបុរសម្នាក់ (បុរសទី១) ដើរឆ្លងកាត់ទឹក ហើយទៅតោងប៉ះសរសរបង្គោលអគ្គិសនីនៅក្បែរខ្លួន ដោយមិនដឹងថា បង្គោលអគ្គិសនីនោះ មានចរន្តភ្លើងនោះទេ។ ភ្លាមៗស្រាប់តែបុរសនោះបានឆក់ ដួលចូលក្នុងទឹកនោះតែម្ដង។ ក្រោយមកភ្លាមៗបុរសម្នាក់ទៀត (បុរសទី២) ដើរនៅក្បែរនោះក៏បានស្ទុះទៅជួយ ប៉ុន្តែជាសំណាងអាក្រក់ ចរន្តអគ្គិសនីក៏បានឆក់យកជីវិតរបស់បុរសទាំងពីរខាងលើ ដេកស្លាប់ភ្លាមៗនៅក្នុងទឹកនោះតែម្ដង។ ក្រោយឃើញហេតុការណ៍ដ៏គួរឲ្យព្រឺព្រួចនេះ អ្នកដំណើរតាមផ្លូវម្នាក់ទៀត (បុរសទី៣) ក៏បានស្ទុះទៅកាន់បុរសនោះ ប៉ុន្តែមិនទាន់ដល់កន្លែងកើតហេតុផង ស្រាប់តែដួលសន្លប់ តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះផងដែរ តាមការយៈវីដេអូខាងលើ ប្រជាពលរដ្ឋទាំងអស់ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នៅពេលមានភ្លៀងធ្លាក់ បង្កឲ្យមានទឹកជំនន់ ជន់លិច នៅតាមដងផ្លូវ សូមប្រជាពលរដ្ឋកុំដើរនៅជិត ឬទៅប៉ះពាល់នឹងបង្គោលភ្លើង នៅតាមទីសាធារណៈឲ្យសោះ ដើម្បីការពារហានិភ័យ ឆក់ចរន្តអគ្គិសនី។ មួយវិញទៀតប្រសិនបើពេលមានភ្លៀងធ្លាក់ខ្លាំង ហូរលិចចូលក្នុងផ្ទះ ដែលនេះគឺជាបញ្ហាដ៏គួរឲ្យបារម្ភ លោកអ្នកគួរតែត្រួតពិនិត្យចំពោះប្រព័ន្ធភ្លើងឲ្យបានច្បាស់លាស់ ហើយប្រាកដថា ស្ថិតនៅតំបន់សុវត្ថិភាព ពោលគឺមិនស្ថិតក្នុងស្ថានភាពប្រថុយប្រថាន អាចឲ្យទឹកភ្លៀងជ្រាបចូលបាននោះឡើយ៕