(ពោធិ៍សាត់​)៖​ ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានហេតុការណ៍​គ្រោះធម្មជាតិមួយ​ បង្កជាភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់​ បង្កើតឲ្យមានរន្ទះបាញ់ស្លាប់មនុស្ស២នាក់​ និងរលំផ្ទះ៣ខ្នង​ របើកដំបូល៤ខ្នង។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង​ ៣៖០០រសៀល​ ​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៨​ ស្ថិតក្នុងភូមិផ្លូវលួង និងភូមិព្រែកត្របែក​ ឃុំកញ្ជរ​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។

ប្រភពព័ត៌មាន បានឲ្យដឹងថា​ ករណីគ្រោះធម្មជាតិ​ នៅភូមិផ្លូវលួង បង្កឲ្យរបើកដំបូល៣ខ្នង,​ រលំផ្ទះ៣ខ្នង​ និងភូមិព្រែកត្របែករបើកដំបូលផ្ទះ១ខ្នង។

ស្របពេលជាមួយគ្នានោះ​ មានរន្ទះបាញ់១លើកបណ្តាលឲ្យស្លាប់មនុស្ស២នាក់គឺ៖ ១. ឈ្មោះ ប៉ិល យោម ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ, ២. ឈ្មោះ ធន ថង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ករណីរន្ទះបាញ់នេះ ក៏បានបង្កឲ្យរងរបួសស្រាលម្នាក់ដែរគឺ ឈ្មោះ ស្រី គីម ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ។​ អ្នកទាំងបីនាក់រស់នៅភូមិព្រែកត្របែកឃុំកញ្ជរ ស្រុកកណ្តៀង ដោយមូលហេតុពួកគាត់ទៅឃ្វាលគោ ឃើញមេឃភ្លៀងក៏ដេញគោមកផ្ទះវិញ ក៏ត្រូវរន្ទះបាញ់តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍កញ្ជរ​ បានចុះដល់កន្លែងកើតហេតុពិនិត្យសាកសព​ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ​ និងបើតាមព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ថា​ អ្នកទាំង២នាក់បានស្លាប់ដោយរន្ទះបាញ់ប្រាកដមែន។ ​ក្រោមពិនិត្យសាកសពហើយ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី៕