(ភ្នំពេញ)៖ គម្រោងទូទាត់សាច់ប្រាក់រៀល និងប្រាក់បាតថៃ តាមប្រព័ន្ធ QR Code នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ​ឆ្នាំ២០១៩នេះខាងមុខ។ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ទូទាត់ប្រាក់រៀល និងប្រាក់បាតថៃនេះ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ទាំង២ប្រទេសក្នុងការទូទាត់ជាសាច់ប្រាក់របស់ប្រទេសខ្លួន ហើយនេះក៏ជាការជួយ ពង្រឹងវិសាលភាព​ប្រាក់រៀលកម្ពុជាផងដែរ។

លោកស្រី ជា សិរី អគ្គនាយកបចេ្ចកទេសធនាគារជាតិនៃកម្ពុជា ថ្លែងឲ្យដឹងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាស​លោកស្រីអញ្ជើញចូលរួមក្នុងសិក្ខាសាលស្ដីពី «សារសំខាន់នៃការចងក្រងស្ថិតិ»​ ថា ការជួបពិភាក្សាជាមួយធនាគារកណ្ដាថៃ គឺដើម្បីបង្កើតប្រព័ន្ធទូទាត់ទំនិញ ដោយប្រើប្រាស់រូបិយវត្ថុរៀងខ្លួន កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយ​បណ្ដាប្រទេសជាច្រើន ទៀតក្នុងអាស៊ាន។

លោកស្រីបន្ដទៀតថា «ការបង្កើតប្រព័ន្ធទូទាត់ទំនិញ ដោយប្រើប្រាស់រូបិយវត្ថុរៀងខ្លួននេះមានន័យថា ពេលអាជីវករកម្ពុជា​ទៅទិញទំនិញក្នុងប្រទេសថៃ គឺចង់ឲ្យពួកគាត់ទូទាត់លុយបាតថៃ ចំណែកឯអាជីវករថៃមកកម្ពុជាវិញ ​ក៏ចង់ឲ្យពួកគាត់ទូទាត់ ជាប្រាក់រៀលដូចគ្នា កន្លងមកយើងឃើញថា ការទូទាត់ទំនិញធំៗមួយចំនួន មានការពិបាកព្រោះថា លុយធំពួកគាត់ពិបាកច្រើន (ពិបាកក្នុងការទូទាត់ជាប្រាក់រៀល ឬប្រាក់បាត់ថៃ) ហើយអាចប្រឈមនឹងផលវិបាក​ផ្សេងៗទៀត។ ដូច្នេះហើយទើបធនាគារជាតិ និងធនាគារកណ្ដាលថៃ សម្រេចជំរុញឲ្យប្រើប្រាស់រូបិយវត្ថុ របស់ប្រទេសរៀងខ្លួន តាមរយៈការទិញទំនិញរាយវិញ (អាជីវករថៃមកកម្ពុជា ទូទាត់ជាប្រាក់រៀល ចំនែកអាជីវករកម្ពុជាទៅ​ថៃទូទាត់ជាប្រាក់បាតថៃ)»

លោកស្រីបានបន្ថែមទៀតថា ការរៀបចំគម្រោង ទូទាត់រូបិយវត្ថុតាមប្រទេសរៀងខ្លួននេះ នឹងអនុញ្ញាតឲ្យអតិថិជនកម្ពុជា-ថៃ ដែលមានកាបូបលុយ​អេឡិចត្រូនិក (E-Wallets) ជាប្រាក់រៀល-បាតថៃ អាចទូទាត់តាមរយៈ QR Code ក្នុងប្រទេសថៃ និងកម្ពុជា មានន័យ​ថា ហាងទំនិញក្នុងប្រទេសថៃ ដែលមាន QR Code ប្រពលរដ្ឋកម្ពុជា ដែលមានការបូបប្រាក់អេឡិចត្រូនិកនេះ អាចទូទាត់បានដោយផ្ទាល់ ហើយហាងទំនិញក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែកាបូបប្រាក់នេះគឺជាប្រាក់រៀល និងប្រាក់បាតថៃ ទើបអាចទៅទូទាត់បាន។

លោកស្រីបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះភាគីទាំង២ កំពុងកំណត់អត្តសញ្ញាណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចចូលរួម​​ជាមួយនឹងភាគីទាំង២ ដោយសង្ឃឹមថា ពាក់កណ្ដាលឆ្នាំ២០១៩ខាងមុខ​ នឹងអនុវត្តន៍គម្រោងនេះ​ជាផ្លូវការ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកស្រី ជា សិរី បានដឹកនាំក្រុមការងារចុះជួបពិភាក្សា ជាមួយក្រុមការងាររបស់ធនាគារកណ្តាលថៃ ដើម្បីពិភាក្សារឿងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីទូទាត់ជាប្រាក់រៀល និងប្រាក់បាតថៃ ក្នុងប្រទេសថៃ និងប្រទេសកម្ពុជា។

គម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នេះនឹងជួយឲ្យការប្រើប្រាស់ប្រាក់រៀល កាន់តែទទួលបានផលចំណេញច្រើន​ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា ភាពងាយស្រួល, សុវត្ថិភាព និងការចំណាយតិចបើធៀបនឹងការប្ដូរ​​សាច់ប្រាក់រៀលឬប្រាក់បាតថៃ។

គម្រោង QR Code នេះមិនត្រឹមតែទូទាត់ ទៅលើទំនិញមួយមុខទេ ប៉ុន្ដែអាចទូទាត់ទៅលើសេវាព្យាបាលជំងឺជាដើម។ លើសពីនេះការប្រើប្រាស់ QR Code នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃ ទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរ ប្រាក់នានាផងដែរ ចំណែកកម្មករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ ក៏នឹងអាចផ្ទេរប្រាក់ ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។

គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្ត ឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញ ការប្រើប្រាស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា៕