(ព្រះសីហនុ)៖ ក្មេងស្ទាវចំនួន៣នាក់ ត្រូវបានជាប់ខ្នោះរបស់កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោយពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ iPhone x ពីបុរសជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅឧតុនិយម ភូមិ៣ សង្កាត់៣ នៅក្រុង-ខេត្តព្រះសីហនុ រួចបានរត់គេចខ្លួន បានរយៈពេល៣ថ្ងៃ។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២៖០០នាទី ស្ថិតនៅចំណុច ផ្លូវឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមាន ស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិចិន) មួយបានកើតឡើង។

ករណីនេះបង្កឡើងដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone x ពណ៌ខ្មៅ របស់ជនជាតិចិន ភេទប្រុស កំពុងដើរតាមផ្លូវ នៅឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីកំណត់បានមុខសញ្ញា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៥៖០០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងជនសមគំនិត បានចំនួន១នាក់។

ជនរងគ្រោះជាជនជាតិចិន ភេទប្រុស ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone x ពណ៌ខ្មៅ។ ជនសង្ស័យចំនួន ៣នាក់ រួមមាន៖

១៖ ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។
២៖ ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយឆក់)។
៣៖ ឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស-ខ្មៅ ស្លាកលេខ ភ្នំពេញ ១CW-៣៤១៩ មានលេខតួ និងលេខម៉ាស៊ីន ០១៣៧៣៨ (មធ្យោបាយធ្វើសកម្មភាព)។ ចំពោះជនសង្ស័យខាងលើនេះ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី៕