(ព្រះវិហារ)៖ បុរសម្នាក់មានមុខរបរជាយោធាការពារព្រំដែនកម្ពុជា-ថៃ ឈរជើងនៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពេញទំហឹងចំពីមុខ និងម្ចាស់រថយន្តបានរត់គេចខ្លួនបាត់​ដោយបន្សល់ទុករថយន្តដែលខូចខាតនៅនិងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៥ និងលេខ២០៦។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉តូតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្ករដែលបើកបញ្រ្ចាសទិសគ្នា បានវ៉ាម៉ូតូមួយគ្រឿងក៏ជ្រុលចង្កូតមកបុកម៉ូតូជនរងគ្រោះពីមុខយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយឡែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ផងដែរ។

លោកអធិការស្រុកបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ត្រេក អឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរយោធានៅវរៈសេនាតូចលេខ ៣៧២កងពលតូចអន្តរាគមន៍លេខ៧ បើកបរម៉ូតូសង់កូរ៉េគ្មានស្លាកលេខ ដោយឡែករថយន្តបង្ករម៉ាកអ៊ីសុយហ្សុយពណ៍ស ពាក់ស្លាកលេខរតនះគីរី3A-0086 ក្រោយវាស់វែងរួចវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕